ខេត្តស្វាយរៀង : មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុង សង្ស័យជាទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្ត៍ច្រកទ្វាព្រំដែន ហើយផ្ទេរទំនិញដាក់ក្នុង
ឃ្លាំងស្តុកទំនិញចំនួន០៣នៅជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តឈ្មួញវៀតណាមឆ្លងដែនមកដឹកទៅប្រទេសវៀតណាម ដោយពុំឃើញមានសមត្ថកិច្ចណាមករំខានឡើយ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចប៉ុស្ត៍វរៈការពារព្រំដែននៃច្រករបៀងសំយ៉ោង ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោង បានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្ស ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត សង្ស័យដឹកទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្ត៍ច្រករបៀងព្រំដែនសំយ៉ោង ក្នុងមួយថ្ងៃៗ ចាប់ពី០៥ ទៅ ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពី ១៥០គ្រឿងនោះទេ សង្ស័យជាទំនិញគិចពន្ធ រួមមាន ស្ករស ក្រណាត់ ខោអាវគីប និងទំនិញជាច្រើនមុខផ្សេងទៀតគេបង្កប់ខាងក្នុងទៃបិទជិតហើយបើកចូលក្នុងឃ្លាំងបិទទ្វារបង រួចផ្ទេរដាក់ចូលរថយន្តឈ្មួញវៀតណាម និងត្រាក់ទ័រវៀតណាម ដឹកចូលទៅក្នុងប្រទេសវៀតណាម។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឡានដឹកទំនិញចំណុះ៤៥តោន ទៅ ៥០តោន ចូលសំចតផ្ទេរទំនិញនៅច្រករបៀងសំយ៉ោង បន្ទាប់មកក៏មានរថយន្តវៀតណាម និងត្រាក់ទ័សណ្តោងរ៉ឺម៉ក មកផ្ទេរដឹកឆ្លងដែនចូលទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង ឮសូរសំឡេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥:៣០នាទីល្ងាច រហូតដល់យប់កណ្តាលអាធ្រាត ដោយគ្មានសមត្ថកិច្ចណាមកត្រួតពិនិត្យរំខានឡើយ។
បើតាមសមត្ថកិច្ចមូលដ្ឋានសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មាន CEN យើងថា ច្រករបៀងសំយ៉ោងនេះមានប៉ុស្ត៍ ទាហានវរៈការពារព្រំដែនគោកនៃប្រតិបត្តិការសឹករងស្វាយរៀង មានប៉ុស្ត៍នគបាលវរៈការពាព្រំដែនលេខ៦០៩ និងមានមនុស្សស្លៀកពាក់ស៊ីវិល ដែលមហាជនហៅថា ចៃគយ ដាក់កុងត្រូលជជុសចាំយកលុយក្បាលរថយន្តទាំងយប់ទាំងថ្ងៃ ប៉ុន្តែមិនឃើញមន្ត្រីគយកាន់ការងារត្រឹមត្រូវមកពិនិត្យទំនិញឱ្យបង់ពន្ធទេ។
មហាជនមានការព្រួយបារម្មណ៍យ៉ាងខ្លាំងហើយបានលើកឡើងថា បើអាជ្ញាធរមានសមត្ថកិច្ច គ្មានចំណាត់ការទេ រថយន្តដឹកទំនិញលើសទម្ងន់ទាំងនេះបានបង្កឲ្យផ្លូវស្រុតខូចក្លាយជាដីល្បាប់រអិល និងរបើកដុំថ្ម ធ្វើឲ្យពិបាកធ្វើដំណើរយ៉ាងខ្លាំងជាពិសេសដឹកកសិផលនៅរដូវច្រូតកាត់នាពេលនេះ ហើយផ្លូវក្រាលកៅស៊ូក៏នឹងស្រុតខូចជាមិនខា, ដូច្នេះសូមថ្នាក់ដឹកនាំខេត្តស្វាយរៀង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មេត្តាមានចំណាត់ការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ផង ម៉្យាងទៀតរថយន្តធុនយក្សដឹកទំនិញទាំងនេះបើកបរបំផ្លាញផ្លូវរាល់ថ្ងៃ ហើយបង្កឲ្យហុយធូលីដីចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។
ទាក់ទិនករណីនេះដែរ អ្នកសារព័ត៌មាន CEN យើងមិនអាចរកការបំភ្លឺពី លោក រស់ ភឿន មេប៉ុស្តិ៍ច្រករបៀងសំយ៉ោងបានទេ រហូតមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ទូរសព្ទ័មិនចូល, ចំណែក លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ក៏មិនអាចទាក់ទងសួររកការបំភ្លឺបានដែរ៕ រក្សាសិទ្ធដោយ ៖ សុំ សុវណ្ណគីរី