ភ្នំពេញ៖មានបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ប្រមាណជាង៧ម៉ឺននាក់ ទទួល បានសេវាដឹកជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពួកគាត់ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងត្រឡប់មកវិញក្នុងរយៈពេល០៦ថ្ងៃកន្លងមកនេះ។
នេះតាមការបញ្ជាក់អោយដឹងពីលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី៤តុលា២០២៤នេះ។ លោកស្រីបានអោយដឹងទៀតថា៖ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤ បងប្អូនកម្មករ កម្មការនី និយោជិកនិងប្រជាពលរដ្ឋ សរុប ចំនួន ៧១.៣៦០នាក់បានទទួលសេវាដឹកជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងវិលត្រឡប៊មកវិញប្រកបដោយ ផាសុកភាព សុវត្ថិភាពនិង រីករាយ ។
លោកស្រីអ្នកនាំពាក្យបន្តថា៖ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានី ភ្នំពេញ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ សូមគោរពថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ដែលបាន ផ្តល់សេវាដឹកជញ្ជូនដោយ មិនគិតថ្លៃជួយសម្រាល បន្ទុក ចំណាយលើការធ្វើដំណើរ បានយ៉ាងច្រើន ។
ពាក់ព័ន្ធនិងការងារខាងលើនេះដែរនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជាបានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ ចេញទៅស្រុកកំណើត ក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ។
កាលពីព្រលឹមថ្ងៃ២៩កញ្ញា នោះដែរឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយឯកឧត្ដមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុងគ្រុបកាលពីព្រឹកថ្ងៃទី២៩កញ្ញាឆ្នាំ២០២៤កន្លងមកនេះបានចុះទៅជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដល់នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ។ ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង ក៏បានបញ្ជាក់ថា៖ រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ មកទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ ពីរដ្ឋបាលរាជធានីភ្នំពេញបានកើនឡើងប្រមាណ១០ទៅ១៥ភាគរយជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់រយៈពេល ០៦ថ្ងៃ ចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ វិញ “ជិះមិនបង់ប្រាក់” ដោយប្រើប្រាស់រថយន្តក្រុងចំនួន៦៥៣គ្រឿង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី