Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ទី៨ តុលា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨-១១ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ តបតាម ការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤។

អញ្ជើញអមដំណើរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន នៃសភា ពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំកំពូល ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នឹងផ្តោតទៅ លើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និង ភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី នឹងអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអគុណាជាអមជាតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។ សម្តេចធិបតី ក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×