Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពី
ការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ។

អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី “សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លើលិខិតលេខ ១០៥៧១ សហវ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការបន្តអនុវត្តសេចក្តីជូនដំណឹងលេខ ០០១ សហវ.សជណ.អពដ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបន្ថែមគោលការណ៍លើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ដូចខាងក្រោម៖

១- ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

ក-លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៥។

ខ-អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតម្លៃលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍ លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៥។

រាល់ការផ្ទេរកម្មសិទ្ធិដែលទទួលបានការលើកលែងនិងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

  • ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែងដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៥ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ – ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង – ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចនឹងធ្វើការត្រួត ពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ខុសពីទីផ្សារ ជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ។

អ្នកជាប់ពន្ធត្រូវភ្ជាប់មកជាមួយនូវកិច្ចសន្យាទិញ-លក់ជាក់ស្តែងរវាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញ (ច្បាប់ដើម) បន្ថែមលើសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។

២-ពន្ធលើចំណេញមូលធន

ពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនលើរូបវន្តបុគ្គលចំពោះអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥។ ចំពោះទ្រព្យ ៥ (ប្រាំ) ប្រភេទទៀតរួមមាន ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ។

៣-ពន្ធលើអចលនទ្រព្យ

ក-លើកលែងប្រាក់ពន្ធលើអចលនទ្រព្យ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ក្នុងករណី អចលនទ្រព្យ ឬចំណែកណាមួយនៃអចលនទ្រព្យ ដែលជាប្រភេទដឹកសិកម្មដែលប្រជាពលរដ្ឋកំពុងបង្ក បង្កើនផល និងសំណង់ដែលបម្រើផ្ទាល់និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម ដែលអចលនទ្រព្យមាន ភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និងក្រុងនៃខេត្តនានា ដោយពុំចាំបាច់ភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីស្ថាប័នមានសមត្ថកិច្ចឡើយ ឱ្យតែនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) បានបញ្ជាក់ថាជាប្រភេទដឹកសិកម្ម។ ដោយឡែក ចំពោះអចលនទ្រព្យដែលមានភូមិសាស្ត្រ ស្ថិតនៅក្នុងរាជធានី និងក្រុងនៃខេត្តនានា ដែលនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) ជាប្រភេទដឹកសិកម្ម ប៉ុន្តែមានចំណែកណាមួយនៃដីធ្លីត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ ដែលមិនបម្រើផ្ទាល់និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម ចំណែកដីដែលមិនបម្រើផ្ទាល់និងជាអចិន្ត្រៃយ៍ ដល់សកម្មភាពកសិកម្មនោះនឹងមិនត្រូវបានលើកលែងពន្ធនោះទេ។

ខ-ចំពោះអចលនទ្រព្យដែលមានឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) ជាប្រភេទដីលំនៅឋាន ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និងក្រុងនៃខេត្តនានា ប៉ុន្តែស្ថានភាពប្រើប្រាស់ដីធ្លីជាក់ស្តែងត្រូវ បានប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល អចលនទ្រព្យនោះត្រូវទទួលបានការលើកលែងពីការបង់ ពន្ធលើអចលនទ្រព្យផងដែរ ប៉ុន្តែតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លី កសិកម្មពីអាជ្ញាធរមូលដ្ឋាន។

គ-ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យនាពេលកន្លងមក ខុសមូលដ្ឋាន គិតពន្ធលើអចលនទ្រព្យ ត្រូវបានលើកលែងការកំណត់ពន្ធឡើងវិញ ដែលមានប្រាក់ពន្ធ រួមទាំងទណ្ឌកម្ម រដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធរហូតដល់ឆ្នាំ២០២៤។ ចាប់ពីឆ្នាំ២០២៥ តទៅ អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឃ-ចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ ពន្ធលើអចលនទ្រព្យកន្លងមក បន្តអនុញ្ញាតឱ្យចុះបញ្ជី និងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួល ប្រយោជន៍ចុងក្រោយ និងចំពោះអចលនទ្រព្យដែលបានចុះបញ្ជីនិងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខាន ពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ អនុញ្ញាតបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។

៤- ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថាកម្មសិទ្ធិករ ឬ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងចេញលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌលើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ដូចខាងក្រោម៖

ក-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។

ខ-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ហិកតា ក្នុងដីមួយកន្លែង។ គ-ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖ – ដឹកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់

  • ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
  • ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល

-ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល

ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍

  • ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាព សេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
  • ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម – ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាល
    វិជ្ជាជីវៈសម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន។

រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យ និងសាធារណជនទាំងអស់ នឹងយកចិត្ត ទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×