Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្មបន្តពង្រឹងសមត្ថភាពអង្គភាពថវិកាដើម្បីគ្រប់គ្រង និងអនុវត្តថវិកាកម្មវិធី

ភ្នំពេញ ៖​នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ”។

វគ្គបណ្តុះបណ្តាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាវគ្គបណ្តុះបណ្តាលលើកទី២ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំក្នុងឆ្នាំ២០២៤ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនសមត្ថភាពគ្រប់គ្រង និងអនុវត្តថវិកា របស់មន្ត្រីហិរញ្ញវត្ថុនៅតាមបណ្តាអគ្គនាយកដ្ឋាន វិទ្យាស្ថាន និងមជ្ឈមណ្ឌល ដែលបានប្រែក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។

នៅចុងឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់អង្គភាពចំនួន៩បន្ថែមទៀត ដែលមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ ឱ្យក្លាយទៅជាអង្គភាពថវិកា និងបន្តដាក់អង្គភាពថវិកាចំនួន៣៥ ជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅត្រឹមឆ្នាំ២០២៥។ កំណែទម្រង់នេះស្របតាមរបៀបវារៈអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទាំងនេះបាន និងកំពុងរួមចំណែកដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ផ្តោតលើ “គណនេយ្យភាពសមិទ្ធកម្ម” ដែលជាធាតុសំខាន់ក្នុងការជំរុញអង្គភាពថវិកាឱ្យសម្រេចបាននូវសមិទ្ធកម្មដែលក្រសួងបានដាក់ចេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×