ខេត្តសៀមរាប៖ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីឈាង រ៉ា បានថ្លែងលើកទឹកចិត្ត និងផ្តល់ការគាំទ្រពេញទំហឹងជូនដល់ប្អូនៗនិស្សិត លោក លោកស្រីជំនាញស្រាវជ្រាវ ខិតខំបង្កើត និងបង្កើនគម្រោងស្រាវជ្រាវ ដើម្បីសុខមាលភាពប្រជាជាតិកម្ពុជា និងពិភពលោកទាំងមូល។
ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE) នៅព្រះរាជាណាចក្រកម្ពុជា (2024 Scientific Days of the ANRS MIE Partner Site in Cambodia) ដែលមានការអញ្ជើញចូលរួមពី សាស្រ្តាចារ្យបណ្ឌិត អ្នកស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប ចូលរួមដោយផ្ទាល់សរុប ១៣០នាក់ មកពី៦ ប្រទេស៖ កម្ពុជា បារាំង ស្វីស សឹង្ហបុរី ថៃ វៀតណាម និងមាន ៣៣៨ នាក់ចូលរួមតាមប្រពន្ធ័ Zoom មកពី ១៣ប្រទេស ពីតំបន់អាស៊ី អឺរ៉ុប អាហ្រិ្វក និងអាមេរិក។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំរៀបចំឲ្យមានទិវាវិទ្យាសាស្រ្តនេះឡើង ដើម្បីផ្តល់ឱកាសដល់អ្នកស្រាវជ្រាវទាំងក្នុងប្រទេស និងក្រៅ ប្រទេស បានជួបជុំគ្នាដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំហើញវិទ្យាសាស្រ្តថ្មីៗ ស្តីពីស្ថានភាពអេពីដេមីសាស្រ្ត វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ព្យាបាល និង បង្ការ ជំងឺអេដស៍ រលាកថ្លើម របេង ជំងឺ Mpox និង ជំងឺឆ្លងផ្សេងៗទៀតដែលកើតមានឡើងលើសាកលលោក។
លោកសាស្រ្តាចារ្យ Yazdan Yazdanpanah នាយកភ្នាក់ងារ ANRS MIE បានប្រកាសពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ទាក់ទងនឹងមេរោគអេដស៍ ជំងឺរលាកថ្លើម ជំងឺរបេង និងជំងឺឆ្លង។
លោកស្រីសាស្រ្តាចារ្យ François Barré-Sinoussi ជ័យលាភីណូបែលវេជ្ជសាស្រ្ត (the 2008 Nobel Prize in Medicine) បានសំដែងនៅក្តីរីករាយដែលបានត្រឡប់មកប្រទេសកម្ពុជាម្តងទៀត។ លោកស្រីសាស្រ្តាចារ្យបានកំណត់សំគាល់ពីភាពជាដៃគូដ៏រឹងមាំក្នុងរយៈពេលជិតបីទសវត្សរ៍ ដែលនាំឱ្យជោគជ័យផ្នែកវិទ្យាសាស្ត្រដ៏គួរឱ្យកត់សម្គាល់លើមេរោគអេដស៍/ជំងឺអេដស៍ និងជំងឺរបេង។
ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសកម្ពុជាបានកំណត់សំគាល់ ទិវាវិទ្យាសាស្ត្រនេះគឺជាឱកាសដ៏ល្អមួយដើម្បីប្រមូលផ្តុំអ្នកស្រាវជ្រាវមកពីគ្រប់ផ្នែកនៃសុខភាពសកល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺឆ្លង។ ឯកឧត្តមបានបង្ហាញពីមោទនភាពដែលឃើញថា ANRS គឺជាកាតាលីករនៃការស្រាវជ្រាវសហការគ្នានៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា។
ឆ្លៀតក្នុងទិវាវិទ្យាសាស្ត្រនេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបន្តពង្រឹង និងពង្រីកការងារស្រាវជ្រាវនវានុវត្តន៍បន្ថែមទៀត ជាពិសេសការស្រាវជ្រាវលើជំងឺឆ្លង ជំងឺមិនឆ្លង និងការស្រាវជ្រាវលើប្រព័ន្ធសុខាភិបាល និងគាំពារសង្គម ព្រោះការរៀន និងបង្រៀនត្រូវតែផ្សារភ្ជាប់ដាច់ខាតជាមួយនឹងការស្រាវជ្រាវនវានុវត្តន៍ ដែលជាមូលដ្ឋានភស្តុតាងវិទ្យាសាស្រ្ត។
ព្រឹត្តិការណ៍វិទ្យាសាស្រ្តដ៏សំខាន់នាពេលនេះ ត្រូវបានរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយស្ថានទូតបារាំងនៅកម្ពុជា ភ្នាក់ងារ ANRS MIE និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ តំណាងមកពីស្ថាប័នដៃគូសហប្រតិបត្តិការសំខាន់ៗចូលរួមរួមមាន Inserm, IRD, Pasteur Institute, CIRAD, Initiative and Expertise France, Fondation MERIEUX រួមទាំងវត្តមានស្ថាប័នអន្តរជាតិអង្គការសុខភាពពិភពលោក (WHO) និងUNAIDS។ ក្នុងរយ:ពេល២ថ្ងៃនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន ២៩ រូប នឹងធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើប្រធានបទនៃការស្រាវជ្រាវ ដោយផ្តោតជាសំខាន់លើ Hepatitis, Sexually Transmitted Infection and Human Papillomavirus, HIV , Emerging Infectious Diseases, Tuberculosis និង One Health៕រក្សាសិទ្ធដោយ៖ សុទ្ធលី