Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កើតឱ្យមាននូវក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធាន ផ្នែករាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក (ក.ប.យ.អ.) កម្ពុជា លើកទី២។ កិច្ចប្រជុំនេះមានការអញ្ជើញ ចូលរួមធ្វើជាសហប្រធានពីផ្នែកឯកជនចំនួន២រូប៖ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA (CAMBODIA) PLC. សហប្រធានផ្នែកយានយន្ត និង លោក Yoshihiro Sakanushi ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន MINEBEA (CAMBODIA) CO., LTD. ជាសហប្រធានផ្នែកអេឡិចត្រូនិក រួមនឹង សមាជិក សមាជិកា ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យ ឯកជន សរុបប្រមាណ ១០០ រូប។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាព ក.ប.យ.អ., ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សហប្រធានអង្គប្រជុំ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំ ស្ថានភាពវិនិយោគនៅកម្ពុជា សាវតារនៃការរៀបចំផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ការរៀបចំយន្តការស្ថាប័នសម្រាប់ការអនុវត្ត ក៏ដូចជាភាពចាំបាច់នៅក្នុងការបង្កើតឱ្យមាននូវក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត
និងអេឡិចត្រូនិកនេះឡើង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ព្រមទាំងទិសដៅការងារអាទិភាពសំខាន់ៗផងដែរ។

បន្ទាប់មក សហប្រធានផ្នែកឯកជនទាំង ២ បានថ្លែងមតិស្វាគមន៍ ដោយបានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមាននូវកិច្ចប្រជុំ ក.ប.យ.អ. លើកទី២ នេះឡើង ព្រមទាំងបានបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេច ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ធាតុចូល នានា សម្រាប់ពិចារណាធ្វើការកែលម្អការអនុវត្ត និងការធ្វើអាទិភាវូបនីយកម្មវិធានការដែលមានផលជះខ្ពស់ លើការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

បន្ទាប់ពីសហប្រធានផ្នែកឯកជនទាំង ២ មានមតិស្វាគមន៍ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង
គណៈកម្មាធិការវិនិយោគកម្ពុជា ប្រធានលេខាធិការដ្ឋាន IDP នៃ ក.អ.ក. និងជាប្រធានក្រុមការងារពន្លឿនវិស័យយានយន្តនិងអេឡិចត្រូនិក និង កញ្ញា បូរ៉ា ស៊ុនហហ្សូលីណែត ប្រធានផ្នែកស្រាវជ្រាវនៃលេខាធិការដ្ឋាន IDP បានធ្វើបទបង្ហាញស្តីពីលទ្ធផលការងារចាប់តាំងពីកិច្ចប្រជុំលើកទី១ និងការធ្វើអាទិភាវូបនីយកម្មវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ។ សហប្រធានផ្នែកឯកជន ក៏បានធ្វើបទបង្ហាញស្តីពីស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ ផងដែរ។

កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅដោយមានការចូលរួមមតិយោបល់យ៉ាងផុលផុស ពីសមាជិក សមាជិកាអង្គប្រជុំ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលជារួមតាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រា ថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ- នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ ចំពោះទិសដៅបន្ទាប់ ក្រុមប្រឹក្សា ផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក នឹងរៀបចំកិច្ចប្រជុំលើកទី៣ នៅ ៦ ខែ បន្ទាប់។

ថ្លែងក្នុងកិច្ចបិទអង្គប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម យ៉ាងសកម្មពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជនដែលនាំឱ្យដំណើរការនៃកិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ប្រកបដោយជោគជ័យ និងទទួលបាននូវ លទ្ធផលល្អ តាមការរំពឹងទុក៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×