ភ្នំពេញ ៖ តាមប្រភពច្បាស់ការណ៍ បានឱ្យដឹងថា កម្លាំងនគរបាលការិយាល័យសន្តិសុខ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអនុវត្តន៍ដីកាបញ្ជាឱ្យនាំខ្លួន លោក ដួង ដារ៉ា ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។
លោក ដួង ដារ៉ា នារយៈពេលកន្លងមក តែងជិះឡានទំនើប និងចែកលុយដល់ជនក្រីក្រតាមដងផ្លូវដើម្បីថតដាក់ហ្វេសប៊ុក បង្ហាញថា ជាមនុស្សល្អ ពេលនេះ រងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយខ្នងនៃគម្រោងឆបោកលុយទ្រង់ទ្រាយធំពីប្រជាពលរដ្ឋរាប់សិបនាក់នៅខេត្តស្វាយរៀង ដូចគម្រោងឆបោករបស់អ្នកស្រី ឡេង ចាន់ណា នៅខេត្តសៀមរាបដែរ។
គម្រោងឆបោកនេះ គឺប្រើវិធីលួងលោមឱ្យប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនភូមិខ្មែរគ្រុប តាមរូបភាពទិញអចលនទ្រព្យ (ផ្ទះ – ដីឡូតិ៍) ដើម្បីទទួលបានការប្រាក់ចំណេញខ្ពស់ តែនៅទីបំផុត អ្នកចាញ់បោកបានចោទប្រកាន់ថា ក្រុមហ៊ុនភូមិខ្មែរគ្រុបរបស់ លោក ដួង ដារ៉ា បានលក់ដីឡូត៍ និងផ្ទះល្វែងខខ្យល់តែប៉ុណ្ណោះ។
លោក ដួង ដារ៉ា បច្ចុប្បន្ន ឡើងឋាន:ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី, លោកក្លាយជាមន្ត្រីធំក្នុងជួររដ្ឋាភិបាល មិនមែនដោយសារអតីតភាព ឬប្រវត្តិតស៊ូនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែគឺដោយសារលោកជាអ្នកបង្កើត និងកាន់ទំព័រហ្វេសប៊ុក (Facebook) ផ្លូវការឱ្យសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក៕ ពិសិដ្ឋ CEN






