ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបលើកទី១ រវាងឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃ ចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារនៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដែលនេះគឺជាជំនួបលើកទី១ រវាង គ.ស.ម.ក. និងខាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។ កិច្ចប្រជុំនេះបានផ្តោតលើតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សិទ្ធិមនុស្សរវាងគ.ស.ម.ក. និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Dominic Williams និង សហការី និងបានគូសបញ្ជាក់អំពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និង ការពារសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ក្នុង ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សដូចជា ការរៀបចំសរសេរ និងការការពាររបាយការណ៍សិទ្ធិ មនុស្សសម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ ការចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែង ឃុំឃាំង ការចុះអប់រំនិងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការទទួលពាក្យបណ្តឹង ការចុះស៊ើបអង្កេត និងការដោះ ស្រាយពាក្យបណ្តឹង ការជួយដល់កុមារតាមម្តាយនៅមន្ទីរឃុំឃាំង និងការងារសប្បុរសធម៌ផ្សេងៗ ព្រមទាំង ការផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជាជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវីជាដើម។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន លើកឡើងអំពីការងារអាយឆា និងកិច្ចសហប្រតិបត្តិរបស់គ.ស.ម.ក. ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ក្នុង ការងារសិទ្ធិមនុស្សរួមមានប្រទេសជប៉ុន កាណាដា ស៊ុយអែត អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ព្រមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងកិច្ចជំនួបនេះ ឯកឧត្តម Dominic Williams បានកោតសរសើរយ៉ាងខ្លាំងចំពោះ គ.ស.ម.ក. ក្នុង កិច្ចខិតខំប្រឹងប្រែងក្នុងការងារលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះប្រទេស កម្ពុជា ដែលមានភាពឈានមុខលើវេទិការអន្តរជាតិក្នុងវិស័យសិទ្ធិមនុស្ស តាមរយៈវត្តមានរបស់ OHCHR និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម Dominic Williams បានលើកឡើងអំពីវិស័យមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ.ស.ម.ក. និងស្ថានទូតប្រទេស អង់គ្លេស ដូចជាការអភិវឌ្ឍផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ការអនុវត្តអនុសាសន៍ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ ជុំទី៤ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងលំហនៃសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូច ជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដែលក្នុងនោះឯកឧត្តម ក៏បានលើកឡើងពីករណីការ ចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណី ធ្វើកុបកម្ម ឆ្នាំ២០១៣ នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន លើកឡើងពីគម្រោងរត់ពាក់កណ្តាលម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្ត បាត់ដំបង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ និងបានអញ្ជើញឯកអគ្គរាជទូតចូលរួមផងដែរ។ ទន្ទឹមនេះ ស្ថាប័នទាំងពីរ បានចាត់តាំងជនបង្គោលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការងារលើកកម្ពស់ និងការពារសិទ្ធិមនុស្ស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








