ភ្នំពេញ ៖ នៅក្នុងពិធីបិទសិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី “បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ” នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ ទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
មានប្រសាសន៍ក្នុងកម្មវិធីបិទសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា សិក្ខាសាលានេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំពីគ្រប់ក្រសួង ស្ថាប័ន ធ្វើបច្ចុប្បន្នភាពចំណេះដឹងពាក់ព័ន្ធបរិវត្តកម្មនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងចំណេះធ្វើរបស់ខ្លួន ដើម្បីទទួលបាននូវពុទ្ធិថ្មីៗ បទពិសោធល្អៗ ក្នុងការដឹកនាំអង្គភាពនិងក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន។ បន្ថែមពីនេះ សិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី “បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ” គឺជាប្រធានបទមួយចូលរួមចំណែកឆ្លើយតបនឹងការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវបទពិសោធបន្ថែមក្នុងការគ្រប់គ្រងអង្គភាព ដែលចាំបាច់ត្រូវតែមានគោលការណ៍ ៣ចំណុច ក្នុងនោះរួមមាន៖ ១)ត្រូវមានចក្ខុវិស័យច្បាស់លាស់ ២)ត្រូវមានការចូលរួមចំណែក ៣)ត្រូវមានការលះបង់។
អ្វីដែលជាការគួរកត់សម្គាល់ លើសពីនេះបន្ថែមទៀតនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីភាពជាអ្នកដឹកនាំនិងគ្រប់គ្រងអង្គភាព ដែលត្រូវមានសមត្ថភាព ចំនួន៥ចំណុច ក្នុងនោះរួមមាន៖ ទី១)សមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍអង្គភាព ទី២)សមត្ថភាពក្នុងការកៀរគរធនធាន និងការធ្វើទំនាក់ទំនង ឬកិច្ចសហការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនានា ទី៣)សមត្ថភាពក្នុងការគ្រប់គ្រងសមិទ្ធកម្មរបស់មន្រ្តី និងអង្គភាព ទី៤)សមត្ថភាពក្នុងការផ្តួចផ្តើមនូវគំនិតថ្មីៗ នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង ទី៥)សមត្ថភាពក្នុងការលើកស្ទួយភាពស្អាតស្អំ សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់មន្រ្តី និងអង្គភាព។
ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងការជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជាទស្សនទាន ចំណេះដឹងបន្ថែម និងគុណវុឌ្ឍិ ក្នុងការអនុវត្តតួនាទី ភារកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលប្រតិបត្តិការងារ៕ រក្សាសិទ្ធដោយ៖ សុទ្ធលី