Saturday, October 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ៖ កម្ពុជា ចូលរួមជាមួយឡាវ និងវៀតណាម ក្នុងការជំរុញភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកកសាងអនាគតចីរភាពក្នុងតំបន់អាស៊ាន

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា ចូលរួមជាមួយឡាវ និងវៀតណាម ក្នុងការជំរុញភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកកសាង អនាគតចីរភាពក្នុងតំបន់អាស៊ាន។

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធីកិច្ចសន្ទនារវាង នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និង វៀតណាម ជាមួយធុរជនអាស៊ាន ដែលបានប្រព្រឹត្តទៅក្នុងឱកាស កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ABIS) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៨ ដល់១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងនាយករដ្ឋមន្ត្រីឡាវ និងវៀតណាម បានចែករំលែក ទស្សនវិស័យស្តីពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន ជាពិសេសការលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន ការតភ្ជាប់សេដ្ឋកិច្ច ការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចធិបតី ក៏ដូចជានាយករដ្ឋមន្ត្រីឡាវ និងវៀតណាម បានគូសបញ្ជាក់ពីសារសំខាន់នៃការបន្ត ការប្រាស្រ័យទាក់ទងគ្នា និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីការអភិវឌ្ឍលើគ្រប់ វិស័យ ជាពិសេសសេដ្ឋកិច្ច និងវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និងឌីជីថល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់សាជាថ្មីពីសារសំខាន់របស់អាស៊ាន ដែលវិនិយោគិន ក្នុងតំបន់ និងអន្តរជាតិបានចាត់ទុកថាជាពន្លឺនៃក្តីសង្ឃឹម និងជាកម្លាំងចលករជំរុញកំណើនពិភពលោក ដោយសារតែសន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្តេចធិបតី ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះ កំណើននៃទំនាក់ទំនងរវាងស្ថាប័នធុរកិច្ចពីបណ្តាសមាជិកអាស៊ានឯទៀតជាមួយប្រទេសកម្ពុជា ឡាវ និង វៀតណាម ដែលជាប្រទេសកំពុងមានការរីកលូតលាស់ជាបន្តបន្ទាប់ និងមានទីតាំងស្ថិត នៅកណ្តាលតំបន់អាស៊ាន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន និង ធុរជនពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ទៅសិក្សា និងស្វែងយល់ពីបរិយាកាសអំណោយផល និងកាលានុវត្តភាពរបស់កម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល កម្ពុជាបានប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ចជានិច្ច ដោយផ្តល់ការគាំទ្រដល់វិស័យឯកជន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×