ភ្នំពេញ ៖ ក្រុមអ្នកតាមដាន បានសង្កេតឃើញថា រយៈពេលជិត១ខែនៃការឃោសនារកសំឡេងឆ្នោត គេពិនិត្យឃើញ បេក្ខភាពឈរឈ្មោះប្រធានគណៈមេធាវីកម្ពុជា មានការផ្សព្វផ្សាយឃោសនារបស់ខ្លួនតាមវិធីសាស្រ្ត និងយុទ្ធសាស្រ្តរៀងៗខ្លួនទៅតាមច្បាប់ និងក្រមសីលធម៌ ប៉ុន្តែក៏មានបេក្ខភាពមួយរូបដូចមានភស្តុតាងបញ្ចាក់ជូនក្នុងរូបភាពនេះស្រាប់ បានប្រើប្រាស់រូបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីដ៏មុតស្រួច ទាក់ទាញឥទ្ធិពលរកសំឡេងឆ្នោតឱ្យខ្លួនឯងទៅវិញ ដែលខុសពីច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី មាត្រា ៥៧ ។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥ និងបេក្ខភាពក្រុមប្រឹក្សាគណៈមេធាវីកម្ពុជាអាណត្តិទី១១ ត្រូវបានអនុញ្ញាតឱ្យមានការឃោសនារកសំឡេងឆ្នោតចាប់ផ្តើមពីថ្ងៃទី១៤ ខែកញ្ញា ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ត្រូវបិទបញ្ចប់, ហើយថ្ងៃទី១៥ ជាថ្ងៃស និងថ្ងៃទី១៦ ជាថ្ងៃបោះឆ្នោត។ បេក្ខភាពជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥នេះ មានចំនួន ៥រូប គឺ មេធាវី សាំង វណ្ណៈ , មេធាវី សេង វួចហ៊ុន, មេធាវី ព្រហ្ម វិចិត្រអក្ខរា, មេធាវី សេក សោភ័ណ, និងមេធាវី រុន រ័ត្នវាសនា ដែលនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នច្បាប់ និងឯករាជ្យ សម្បូរទៅដោយបញ្ញវន្តប្រកបវិជ្ជាជីវៈលើវិស័យច្បាប់ ដែលមានសមាជិក ជិត៣ពាន់នាក់ក្នុងគណៈមេធាវីកម្ពុជាទាំងមូល។ ស្ថាប័ននេះ តែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងក្រុមប្រឹក្សាគណៈមេធាវី ក្នុងមួយអាណត្តិមានរយៈពេល២ឆ្នាំ ហើយរាល់ការបោះឆ្នោតជ្រើសរើសម្តងៗ បេក្ខភាពឈរឈ្មោះ ត្រូវបានគណៈមេធាវី ទុករយៈពេល១ខែ សម្រាប់ធ្វើការឃោសនាបោះឆ្នោត។
ក្រុមមេធាវីជាច្រើនបានស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធដូចជា : ក្រសួងយុត្តិធម៌ ប្រធានគណៈមេធាវីកម្ពុជា និងអ្នកជំនាញការច្បាប់ បកស្រាយ និងពន្យល់យ៉ាងណាចំពោះបុគ្គលដែលបានកាត់យករូបថ្នាក់ដឹកនាំកំពូលជាតិទៅប្រើប្រាស់ ក្នុងគោលបំណងទាក់ទាញឥទ្ធិពល ដើម្បីបម្រើផលប្រយោជន៍រកសំឡេងឆ្នោតសម្រាប់បេក្ខភាពប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី១៥ ដូចមានការបង្ហោះលើបណ្តាញសង្គម និងបណ្តាញតេឡេក្រាមជាច្រើនក្នុងរយៈពេលនៃការឃោសនាកន្លងមក។
បញ្ហាមិនប្រក្រតីទាំងអស់នេះ មហាជនក៏ដូចជាសហភាតាមួយចំនួន ចោទជាសំណួរថា បុគ្គលដែលបានកាត់រូបភាពប្រមុខថ្នាក់ដឹកនាំ (សម្តេចតេជោ ហ៊ុន សែន) ទៅប្រើប្រាស់ដើម្បីរកសំឡេងឆ្នោតសម្រាប់ប្រធានគណៈមេធាវីនោះ តើជាការរៀបចំសេណារីយ៉ូពីបុគ្គលអ្នកមានអំណាចណាម្នាក់នៅពីក្រោយខ្នង ឬក៏បុគ្គលនោះហ៊ានធ្វើបែបនេះដោយខ្លួនឯង?
គួរបញ្ជាក់ថា ច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី មាត្រា ៥៧ បានចែងថា : គ្រប់អំពើទាក់ទាញប្រកាសផ្សាយជាឯកត្តជន ឬទទូចសូមការពាររបស់មេធាវី ចំពោះអតិថិជនត្រូវហាមឃាត់។
យោងលើមាត្រានេះ សហភាតាទទូចស្នើសុំឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត , ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឯកឧត្តម លី ចន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា មេត្តាស្រាវជ្រាវចំពោះករណីខាងលើនេះ និងមានវិធានការចំពោះបុគ្គលដែលប្រព្រឹត្តិល្មើសនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមេធាវី និងអ្នកដែលនៅពីក្រោយខ្នង ដើម្បីផ្តល់ភាពយុត្តិធម៌ដល់បេក្ខភាព ប្រធានគណៈមេធាវីកម្ពុជាដដៃទៀត និងជាគំរូដ៏ល្អសម្រាប់ការរៀបចំបោះឆ្នោត ជ្រើសរើសប្រធាន និងក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា អាណត្តិក្រោយៗទៀតប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN