Monday, October 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនមែនសម្ដេចទៅដណ្ដើមការងាររបស់មន្ត្រីរាជការតាមក្រសួង-ស្ថាប័នដូចពាក្យរិះគន់នោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ចប់បញ្ហាឱ្យបានលឿន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ ជុំវិញការលូកដៃក្នុងកិច្ចការងារតូចៗមួយចំនួន របស់ក្រសួងស្ថាប័ន ដែលមានការជាប់គាំង ជាពិសេសពាក់ព័ន្ធនឹងវិស័យឯកជនគឺជាការជួយគ្នា ដើម្បីពលរដ្ឋទាំងអស់គ្នា មិនមែន ជាការដណ្តើមការងាររបស់ក្រសួងស្ថាប័នណាមួយឡើយ ហើយក៏មិនមែនមានន័យថា រដ្ឋាភិបាល មិនមានទិសដៅធំៗនោះដែរ ។

ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជា​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើង នូវចំណុចមួយចំនួន ជុំវិញការចូលរួមដោះស្រាយវិវាទ ឬដោះស្រាយការជាប់គាំង នៅក្នុងវិស័យឯកជន តួយ៉ាង ដូចជាការដោះស្រាយ ការនាំចេញថ្មអាររបស់ក្រសួងរ៉ែ និងថាមពល នាពេលថ្មីៗនេះ រហូតមានការប្រើពាក្យថា នាយករដ្ឋមន្ត្រី កំពុងលូកដៃដណ្តើមការងាររដ្ឋមន្ត្រីរបស់ខ្លួននោះ ត្រូវបានសម្តេចបញ្ជាក់ថា ពុំមែនដូច្នេះនោះទេ ផ្ទុយទៅវិញនេះ ជាការដោះស្រាយរួមគ្នា ដើម្បីជោគជ័យទាំងអស់គ្នា ដែលទាមទារឱ្យមានភាពបត់បែន។

សម្ដេចបវរធិបតីបានបញ្ជាក់ថា ការណ៍ដែលសម្ដេចជួយដោះស្រាយបញ្ហាស្ងាត់ៗ ឬផ្ដល់គោលការណ៍លើបញ្ហាមួយចំនួននោះ គឺមិនមែនសម្ដេចទៅដណ្ដើមការងាររបស់មន្ត្រីរាជការតាមក្រសួង-ស្ថាប័នដូចពាក្យរិះគន់នោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ចប់បញ្ហាឱ្យបានលឿន។

សម្ដេចថ្លែងថា «ខ្ញុំមិនដណ្ដើមការងាររបស់ឯកឧត្តម លោកជំទាវនោះទេ ខ្ញុំមានតែលើកទឹកចិត្តឱ្យធ្វើ ពេលខ្លះខ្ញុំជួយគឺដើម្បីឱ្យជួយខ្ញុំវិញ, ការងាររបស់យើងទាំងអស់គ្នា គឺជួយប្រទេសជាតិ ជួយប្រជាជនរបស់យើង»។

ជាការកត់សម្គាល់របស់សម្ដេចបវរធិបតី រដ្ឋមន្ត្រីទាំងឡាយសុទ្ធតែបានចុះដោះស្រាយបញ្ហាតាមវិស័យរៀងៗខ្លួន ដូចជា រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អគ្គទេសាភិបាលធនាគារជាតិជាដើម។

សម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តបន្ថែមដល់បណ្ដារដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមក្រសួង-ស្ថាប័នសូមបន្តចុះអនុវត្តការងារ ដោះស្រាយបញ្ហាដែលប្រឈម តាមដាន ត្រួតពិនិត្យការងារតាមវិស័យរបស់ខ្លួនជាប្រចាំ ពីព្រោះរាជរដ្ឋាភិបាលទាំងមូលត្រូវជួយគ្នាកសាងប្រទេសជាតិ ជួយប្រជាជន ជួយគាំទ្រដល់វិស័យឯកជនបង្កើតការងារដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី មានប្រសាសន៍ថា “អ្នកខ្លះថា នាយករដ្ឋមន្ត្រីធ្វើការអាតូចៗហ្នឹង នាយករដ្ឋមន្ត្រីគួរតែដាក់គោលនយោបាយធំៗ ទុកឱ្យគេធ្វើ ខ្ញុំថា ខ្ញុំមិនមែនដណ្តើមការងារទេ” ។

សម្តេចធិបតី បញ្ជាក់បន្ថែមថា “កុំចាំ៦ខែបានរបាយការណ៍ ហើយដាក់ទិសដៅក្នុងប្រជុំ ហើយយកទៅ៦ខែទៀត បានមកថា ដោះអត់ចេញដោយសារ អត់ហ៊ានរំខានសម្តេច ព្រោះសម្តេចត្រូវគិតការងារធំ អាតូចៗទុកឱ្យខ្ញុំ ។ អត់ទេ ខ្ញុំអត់ដណ្តើមទេ ព្រោះប្រសិនបើយើងមិនជោគជ័យ រដ្ឋាភិបាលទាំងមូល ព្រោះយើងជាក្រុមចឹងត្រូវរួមគ្នាដោះ ហើយបើរដ្ឋាភិបាលដោះស្រាយមិនជោគជ័យ ពីណាលំបាក ប្រជាពលរដ្ឋ វិស័យឯកជននឹងឯង ចឹងយើងត្រូវមានភាពបត់បែន ពេលខ្លះត្រូវធ្វើ ហើយខ្ញុំសូម បញ្ជាក់ ថា ខ្ញុំមិនទៅដណ្តើមការងាររបស់ឯកឧត្តម លោកជំទាវទេ ខ្ញុំអត់ដណ្តើមទេ ខ្ញុំលើកទឹកចិត្ត ឱ្យធ្វើពេលខ្លះ ខ្ញុំជួយ ដើម្បីឱ្យជួយខ្ញុំវិញ តែយើងទាំងអស់គ្នាជួយពីណា ជួយប្រទេសជាតិ ជួយប្រជាជន ជួយវិស័យឯកជនរបស់យើង ដើម្បីគាត់ទៅជួយកសិករ ទៅជួយប្រជាពលរដ្ឋយើង តាមការបង្កើតការងារ និងBusiness ល្អទៅទៀត នេះជាអ្វីដែលធ្វើ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×