Monday, October 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization – WTO)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, សុន្ទរកថារបស់ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (តាមប្រព័ន្ធវីដេអូ) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា តំណាងក្រសួង-ស្ថាប័ន តំណាងអង្គការពាណិជ្ជកម្មពិភពលោក តំណាងអង្គការអន្តរជាតិ និងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៧៥០នាក់។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងរម្លឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការចរចាដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ព្រមទាំងបើកបង្ហាញនូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក, សមិទ្ធផលសេដ្ឋកិច្ចសង្គម និងពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ អមជាមួយព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍នូវផលិតផលសំខាន់ៗ, រូបថតប្រវត្តិសាស្ត្រ និងសក្ខីកម្មផ្សេងទៀតបង្ហាញជូនដល់អ្នកចូលរួមផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ។

សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ដូចខាងក្រោម៖

១. ច្រកចូលទីផ្សាសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favord Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត ជាដើម។
-ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។
-ការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣។
-ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។

២. ការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់៖ កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើន រួមមាន៖ ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់វិនិយោគថ្មី ជាដើម។

៣. ការធ្វើពិពិធកម្មការនាំចេញ៖ កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ដែលពីមុន កម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួន ដូចជា សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។

៤. ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱ្យមានប្រសិទ្ធភាព។

៥. ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល៖ សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជានូវសំឡេងមួយក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

៦. ប្រព្រឹត្តិកម្មពិសេស និងដោយឡែក៖ ក្នុងនាមជាប្រទេសអភិឌ្ឍតិចតួច កម្ពុជាទទួលផលពីបទបញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមលើនេះ កម្ពុជាទទួលបានច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free Quota-Free), កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ, ប្រព័ន្ធ GSP ពីសហរដ្ឋអាម៉េរិក ជាដើម។

៧. ការកាត់បន្ថយភាពក្រីក្រ៖ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។

៨. ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច៖ កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×