Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​រកឃើញ អ្នកបើកបរ​រថយន្ត​មួយចំនួន នៅតែ​ប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន និង​គ្មាន​ប័ណ្ណបើកបរ​

ភ្នំពេញ ​៖ អគ្គស្នងការ​រង​នគរបាលជាតិ បាន​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​ដឹង​ជញ្ជូន​អ្នកដំណើរ និង​ទំនិញ​ទាំងអស់ ត្រូវ​រឹតបន្តឹង​ដល់​អ្នកបើកបរ​របស់​ខ្លួន​បន្ថែម​ទៀត ស្របពេល​ដែល​អ្នក​បើក​បរ​មួយចំនួន នៅតែ​ប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន និង​គ្មាន​ប័ណ្ណបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បង្កឲ្យមាន​គ្រោះថ្នាក់ ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ប្រមាណ​១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែងថា តាម​ការត្រួតពិនិត្យ​នៅ​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​នេះ នៅតែ​ឃើញ​មាន​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ធំៗ នៅ​ប្រើប្រាស់​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង​នៅ​ពេល​បើកបរ​ដដែល ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​គប្បី​ត្រួតពិនិត្យ​ពួកគាត់​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​កើតមានឡើង​នាពេល​បច្ចុប្បន្ន​នេះ​គួរឲ្យ​ព្រួយបារម្ភ​។​

​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បាន​បន្តទៀតថា មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ខ្លះ បើកបរ​ល្មើសច្បាប់ ហើយ​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ប៉ុន្ដែ​បុគ្គល​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ធ្វើការ​ឃាត់ខ្លួន ហើយ​ជនល្មើស​ខ្លះ ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​។​

​នាយ​ឧត្តមសេនីយ៍ បាន​ស្នើ​ដល់​តំណាង​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ ប្រសិនបើ​នៅ​មាន​នគរបាល​ណាមួយ​ដាក់​ខែ​យកលុយ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ជា​ថ្នូរ​មិន​ឆែកឆេរ និង​ធ្វើ​ការផាកពិន័យ ពេល​ដែល​អ្នកបើកបរ​ទាំងនោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ចរាចរណ៍​នោះ​។​

​បើ​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឲ្យដឹងថា នៅក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ ប្រតិបត្តិ​ការត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៦៥៥.៣៣១​គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន​៥៧​ភាគរយ​។​

​របាយការណ៍​បាន​បន្តទៀតថា យានយន្ត​ល្មើសច្បាប់​មាន​ចំនួន​៩៦.៤៨០​គ្រឿង ស្មើនឹង​១៥​ភាគរយ​នៃ​យានយន្ត​សរុប ហើយ​ក្នុងនោះ​៥០,៩៥២​គ្រឿង​ស្មើនឹង​៥៣​ភាគរយ ត្រូវបាន​ផាកពិន័យ​ដោយ​បាន​ទឹកប្រាក់​ចំនួន ជាង​មួយ​ពាន់​ពីរ​រយ​លាន​រៀល​ផងដែរ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លងទៅនេះ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×