Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ ជាការរួមវិភាគទានរបស់សភាកម្ពុជានៅក្នុងការកសាងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំមន្រ្តីអគ្គលេខាធិការជាសេនាធិការ ដែលត្រូវអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) នៅប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមមហាសន្និបាតនេះឱ្យសកម្ម និងផុលផុស តាមរយៈការចូលរួមពិភាក្សា ចែករំលែកទស្សនៈ បទពិសោធន៍តាមមូលបទ ឬប្រធានបទនៃមហាសន្និបាតនិងកិច្ចប្រជុំពាក់ព័ន្ធនានា សំដៅធ្វើឱ្យការចូលរួមរបស់សភាកម្ពុជា ក្នុងមហាសន្និបាតជាផ្នែកសំខាន់រួមចំណែកដល់ការកសាងសុខសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពនិងបរិយាបន្ន ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ ស្របតាមគោលការណ៍របស់អាយប៉ា។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ មុនពេលគណៈប្រតិភូសភាកម្ពុជា អញ្ជើញចេញដំណើរទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងសប្តាហ៍នេះ។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនេះ បានធ្វើឡើងនៅព្រឹកចន្ទថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា។
សូមជម្រាបថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមហាសន្និបាតអាយប៉ាលើកទី៤៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”។

នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥នេះ មានវេទិកានិងកិច្ចប្រជុំជាច្រើនដែលថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ត្រូវចូលរួម រួមមាន កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេង (YPA) កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍ ជាដើម។ នៅអំឡុងពេលចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតីក៏គ្រោងនឹងមានជំនួបទ្វេភាគី ពហុភាគីមួយចំនួនទៀត ជាមួយគណៈប្រតិភូសភាប្រទេសជាមិត្ត ដែលមានវត្តមានក្នុងមហា សន្និបាតអាយប៉ាលើកទី៤៥ ផងដែរ។
បន្ទាប់ពីបានស្តាប់របាយកាណ៍របស់ប្រធានប្រតិភូសភាកម្ពុជា ដែលបានបែងចែកភារកិច្ចត្រូវចូលរួមកិច្ចប្រជុំនីមួយៗរួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំបានយ៉ាងល្អរបស់សមាជិកប្រតិភូទំាងអស់។ សម្តេចប្រធានរដ្ឋសភា បានស្នើដល់សមាជិកគណៈប្រតិភូ បន្តត្រួតពិនិត្យ រៀបចំឯកសារជាមួយភាគីពាក់ព័ន្ធបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមរបស់សភាកម្ពុជា នៅក្នុងមហាសន្និអាយប៉ាលើកទី៤៥នេះ ទទួលបានលទ្ធផលល្អ នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋកម្ពុជានិងពលរដ្ឋអន្តរជាតិ ។ សម្តេចប្រធានរដ្ឋសភាក៏បានផ្តាំផ្ញើដល់ប្រតិភូសភាកម្ពុជា ដែលត្រូវចូលរួមកិច្ចប្រជុំនៅក្នុងគណៈកម្មាធិការសេចក្តីថ្លែងការណ៍រួម ត្រូវខិតខំប្រមូលផ្តុំនូវលទ្ធផលការងារតាមគណៈកម្មាធិការនីមួយៗ បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមដ៏មានសារៈសំខាន់ ឱ្យបានគ្រប់ដណ្តប់លើគ្រប់វិស័យ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋទំាងមូល។
សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា តាមរយៈវេទិកាអន្តរសភាដ៍សំខាន់នេះ ផ្តល់ជាឱកាសដល់ការលើកកម្ពស់វិស័យការទូតសភាកម្ពុជា និងការលើកកម្ពស់កិត្យានុភាព មុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។ សម្តេចប្រធានរដ្ឋសភាក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា គណៈប្រតិភូទំាងអស់ សូមធ្វើការអញ្ជើញគណៈប្រតិភូសភាបណ្តាប្រទេសជាមិត្តមកចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×