រាជធានីភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ គឺជាថ្ងៃគម្រប់ខួប ១២ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា និង សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ” សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
នាព្រឹកថ្ងៃនេះ នៅបណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ “ គម្រប់ខួប ១២ឆ្នាំ។
សូមរំលឹកផងដែរថា៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ។
ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតនកោដ្ឋ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី























