ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមអរសាទរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក ព្រឹកថ្ងៃអង្គារ ទី១៥ តុលា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រយៈពេល៣០ឆ្នាំកន្លងមកនេះ កងពលតូចលេខ៧០ បានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោកយ៉ាងម៉ឺងម៉ាត់បំផុត ជាមួយនឹងការសម្រេចបាននូវស្នាដៃធំៗជាច្រើនសម្រាប់ជាតិ និងប្រជាជន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តលើកឡើងជាថ្មីអំពីតម្លៃមិនអាចកាត់ថ្លៃបានរបស់សន្តិភាព ហើយសម្តេចបានអំពាវនាវឱ្យកងទ័ព និងភាគីពាក់ព័ន្ធ ចូលរួមថែរក្សាសន្តិភាពដែលកម្ពុជា កំពុងមាននេះឱ្យខាងតែបានជាដាច់ខាត ដើម្បីកុំឱ្យបាត់បង់ឱ្យសោះ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «សន្តិភាពដូចខ្យល់ យើងមើលមិនឃើញ អត់មានគិតលុយទេគឺ Free ប៉ុន្តែនៅជុំវិញខ្លួនយើង គឺមានតែខ្យល់ទេ ដែលមានតម្លៃធំបំផុត ហើយយើងដឹងតម្លៃខ្យល់នៅពេលណា គឺនៅពេលខ្យល់បានអវត្តមាន»។
ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស ចាប់តាំងពីរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ សង្គ្រាមបានផ្ទុះឡើងរវាងខ្មែរ និងខ្មែរ ហើយកម្ពុជាក៏ស្គាល់នូវរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយជ័យជំនះ៧មករា កម្ពុជាក៏នៅមិនទាន់បានសន្តិភាពពេញលេញនៅឡើយ ដោយប្រទេសកម្ពុជាមួយមានកម្លាំងត្រួតត្រា៤ ជាពិសេសកម្លាំងខ្មែរក្រហម។ បន្ទាប់មក ក្រោយដាក់ចេញគោលនយោបាយឈ្នះឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន ទើបកម្លាំងខ្មែរក្រហមត្រូវបានរំលាយ ហើយកម្ពុជាស្គាល់នូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ «សន្តិភាពដូចគ្នា សន្តិភាព យើងអាចលឺ យើងអាចស្តាប់ អ្នកខ្លះរហូតដល់ធុញដោយការលើកឡើងថា យើងបានសន្តិភាព២០ឆ្នាំ អវត្តមាននៃសង្គ្រាមនៅលើទឹកដីរបស់យើង ប៉ុន្តែតម្លៃរបស់វា គឺនៅពេលដែលវាបាត់បង់ទៅវិញ»។
សម្តេចជំរុញឱ្យអ្នកដែលមិនយល់ពីសន្តិភាព សាកសួរទៅមនុស្សចាស់ជំនាន់មុន ដែលបានឆ្លងកាត់សង្រ្គាមថា តើសន្តិភាពមានតម្លៃយ៉ាងណា សម្តេចក៏បានលើកឡើងដែរថា យុវជនដែលកើតជំនាន់ក្រោយឆ្នាំ១៩៩៨ អាចមិនយល់ពីសន្តិភាព ប៉ុន្តែសន្តិភាពមានតម្លៃដូចគ្នាសម្រាប់មនុស្សគ្រប់វ័យ គ្រប់ជំនាន់ មិនថាសាសនាណា ឬរស់នៅទីណា ក្រុងឬខេត្ត កងទ័ព ឬស៊ីវិលនោះទេ។
សម្តេចមហាបវរធិបតី ក៏បានលើកបន្តអំពីសម្តីរបស់យុទ្ធជនមួយចំនួន ដែលសិក្សា និងបំពេញបេសកកម្មនៅប្រទេសមួយចំនួនដែលកំពុងមានសង្គ្រាម ដែលបានអះអាងថា ពួកគេបានស្គាល់ហើយនូវតម្លៃសន្តិភាព នៅពេលដែលសង្គ្រាម និងការប្រយុទ្ធគ្នា ដែលកើតឡើងក្នុងប្រទេសទាំងនោះ ក្នុងនោះក៏មាននិស្សិតនៅប្រទេសអ៉ីស្រាអែល និងកងកម្លាំងមួកខៀវកម្ពុជា ដែលបំពេញបេសកកម្ម នៅប្រទេសលីបង់កន្លងទៅផងដែរ។
បច្ចុប្បន្នកម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមសឹងតែវិនាសប្រទេស កំពុងខិតខំថែរក្សាសន្តិភាពរបស់ខ្លួនឱ្យបានគង់វង្ស ខណៈដែលប្រទេសមួយចំនួន ចាប់ផ្តើមផ្ទុះសង្គ្រាមជាថ្មី ក្នុងនោះមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន សង្គ្រាមនៅមជ្ឈិមបូព៌ាផងដែរ។ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន ក៏កំពុងតែបង្កភាពតានតឹងនៅតំបន់មួយចំនួនទៀត ដែលពិភពលោក កំពុងព្រួយបារម្ភ នោះគឺបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងឧបទ្វីបកូរ៉េជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំពិតជាត្រេកអរ ចំពោះវឌ្ឍនភាពនៃការរីកចម្រើន កងពលតូចលេខ៧០ ហើយខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះសមត្ថភាព ក្នុងការក្ដាប់ជាប់នូវតួនាទី និងភារកិច្ច ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចលេខ៧០ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ, ថែរក្សាសុខសន្តិភាព, ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៤៥ឆ្នាំមកនេះ ប្រទេសកម្ពុជា បាននិងកំពុងបោះជំហានទៅមុខប្រកបដោយសាមគ្គីភាព, វីរភាព, ភាពប្រាកដប្រជា និងតាមទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាគ្រប់រូប។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្ដិភាព នៅតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ សន្ដិភាព អាចលឺ អាចស្ដាប់ ហើយនឹងឃើញតម្លៃ កាន់តែច្បាស់នៅពេលបាត់បង់។ សម្ដេចបវរធិបតី បន្ដទៀតថា បើបាត់បង់សន្ដិភាព គឺគ្រោះថ្នាក់ខ្លាំងណាស់។
សូមជម្រាបថា ផ្តើមចេញពីវរសេនាធំលេខ៧០ ត្រូវបានកែសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ កាលនោះគឺនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាមេបញ្ជាការកងពល រហូតដល់ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

























































