Wednesday, January 26, 2022

អា​មេ​រិច​ថ្កោលទោស​ការ​បោសសម្អាត​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន​ម៉ា​

​សហរដ្ឋ​អា​មេ​រិច កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បានបញ្ជាក់​ជំហរ​របស់​ខ្លួន​យ៉ាង​ច្បាស់​លើ​ប្រទេស​មី​យ៉ាន​ម៉ា ដោយ​ចោទ​កងកំលាំង​សន្តិ​ន​សុខ​របស់​ប្រទេស​នេះ​ថា បាន​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​បំផុត ប្រឆាំង​នឹង​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ហើយ​ថា វា​គឺជា​សកម្មភាព​បោសសម្អាត​ជនជាតិភាគតិច​ទាំងនោះ​។​

​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អា​មេ​រិច រិច ធៀ​លឺសាន់ (Rex Tillerson) គឺជា​ការ​ថ្កោលទោស​ខ្លាំង​បំផុត​របស់​អា​មេ​រិច ចំំ​ពោះ​ទា​ហ៊ាន​មី​យ៉ាន​ម៉ា ដែល​បាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ក្រុម​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​អ៊ីស្លាម នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។ ការបង្ក្រាប​របស់​កង​កំលាំង​មី​យ៉ាន​ម៉ា បណ្តាលឲ្យ​មាន​ការភៀស​ខ្លួន​យ៉ាងច្រើន​របស់​ជនជាតិដើម​នោះ និង​ធ្វើឲ្យ​មាន​ការ​ថ្កោលទោស​ជុំវិញ​ពិភពលោក​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ លោក ធៀ​លឺសាន់​និយាយថា “​ក្រោយពេល​ការវិភាគ​យ៉ាង​ប្រុងប្រយ័ត្ន និង​ម៉ត់ចត់​ពី​ការពិត វា​បាន​បញ្ជាក់​ច្បាស់​ថា ស្ថានភាព​នៅ​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​ជាការ​បោសសម្អាត​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ី​យ៉ា​”​។​

​ចាប់តាំងពី​មាន​អំពើ​ហឹង្សា​នៅ​ក្នុរ​ដ្ឋ​រ៉ា​ឃីន កាលពី​ខែ​សីហា​មក ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ី​យ៉ា​ចំនួន​ច្រើនជាង ៦០០.០០០ នាក់​បាន​រត់​ភៀសខ្លួន ទៅកាន់​ប្រទេស​បង់​ក្លា​ដេស​។​

​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងជើង​មី​យ៉ាន​ម៉ា ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ជនជាតិដើម​រ៉ូ​ហ៊ី​យ៉ា​ចំនួន​ជាង ១​លាន​នាក់​រស់នៅ​។ ក្រុម​ជនជាតិដើម​នេះ មាន​វត្តមាន​នៅក្នុង​រដ្ឋ​នោះ​ជា​ច្រើន​ជំនាន់​មក​ហើយ​។ ប៉ុន្តែ​សកម្មជន​មី​យ៉ាន​ម៉ា បាន​លើកឡើង​ថា នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មី​យ៉ាន​ម៉ា មិន​មាន​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នោះទេ​៕ សុភ័ក្ត្រ​