លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិ បានធ្វើសេចក្ដីថ្លែងការណ៍ព័ត៌មាន ស្ដីពី ការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន CEN ទាក់ទងនឹងរូបលោក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយ CEN បានដាក់ចំណងជើងថា ” បែកធ្លាយរូបថត លោក លី ចន្ទតុលា ប្រធានគណៈមេធាវីចប់អាណត្តិ គាំទ្របេក្ខភាពប្រធានគណៈមេធាវីកម្ពុជា លោកមេធាវី សាំង វណ្ណ: ” ។
យោងតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បង្ហាញថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានការសោកស្ដាយ និងសូមធ្វើការបដិសេធទៅលើការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងដោយបំភាន់របស់សារព័ត៌មាន CEN ចុះផ្សាយ ថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានគណៈមេធាវី អាណត្តិទី១៥។
គណៈមេធាវីតំណាង លោកប្រធាន លី ចន្ទតុលា អះអាងថា ជាលក្ខណៈបុគ្គល ឯកឧត្តម លី ច័ន្ទតុលា ពិតជាគាំទ្រចំពោះបេក្ខភាពជាប្រធានគណៈមេធាវីអាណត្តិទី១៥ របស់ លោកមេធាវី សាំង វណ្ណៈ ហើយការគាំទ្រនេះ ពុំមានបទបញ្ញត្តិ ឬវិធានណាមួយហាមឃាត់នោះឡើយ ព្រោះនេះជាសិទ្ធិបុគ្គលរបស់ ឯកឧត្តម លី ច័ន្ទតុលា ក្នុងការសម្ដែងនូវការគាំទ្រចំពោះបេក្ខជនណាមួយ។ លើសពីនេះទៀត ការសម្ដែងគាំទ្រនេះ គឺមិនមែនជាអាថ៌កំបាំង និងធ្វើឡើងដោយលាក់លៀមនោះទេ, ជាអាទិ៍ក្នុងពិធីអាហារសាមគ្គី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជាកម្មវិធីធ្វើឡើងជាសាធារណៈ និងមានមេធាវីជាង ១ ៣០០នាក់ បានចូលរួមផងដែរ។ ការអនុវត្តសិទ្ធិបុគ្គលរបស់ប្រធានស្ថាប័ន ក៏មានអនុវត្តនូវបរទេសផងដែរ។
កំណត់ការិយាល័យនិពន្ធ CEN (ក.ក.ន) សូមបញ្ជាក់ជូនគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តមប្រធាន លី ច័ន្ទតុលា ឱ្យបានជ្រាបផងដែរថា សារព័ត៌មាន CEN ពុំបានចោទប្រកាន់ ឬមួលបង្កាច់ទៅលើ លោកប្រធាន លី ច័ន្ទតុលា អំពីទង្វើខុស ឬមិនខុសនោះទេ, សូមលោកប្រធានមេត្តាទៀងផ្ទាត់ ត្រង់ខ្លឹមសារ និងត្រង់រូបភាពបែកធ្លាយរូបថតលោកប្រធានចូលរួមអាហារសាមគ្គីក្នុងសកម្មភាពឃោសនារកសំឡេងគាំទ្រ លោកមេធាវី សាំងវ ណ្ណៈ ជាបេក្ខភាពប្រធានគណៈមេធាវី អាណត្តិទី១៥, សូម្បីតែរូបលោកប្រធានផ្ទាល់ ក៏អះអាងថា បានចូលរួមដែរ គឺចូលរួមកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជាកម្មវិធីធ្វើឡើងជាសាធារណៈ និងមានមេធាវីជាង ១ ៣០០នាក់។
CEN គ្រាន់តែលើកឡើងអំពីចម្ងល់ និងសំណួររបស់សាធារណជន និងសហភាតតាតែប៉ុណ្ណោះ ថា សកម្មភាពរបស់លោកប្រធាន នៅលើវេទិកាឃោសនារកសំឡេងឆ្នោតអោយបេក្ខភាពប្រធានកន្លងមកនេះ បានធ្វើអោយបណ្តាសហភាតាជាច្រើនរូបលួចខ្សឹបខ្សៀវគ្នាថា លោកប្រធានហាក់បារម្ភខ្លាចបេក្ខជនផ្សេងៗទៀតមានលទ្ធភាពឈ្នះមនុស្សជំនិតរបស់ខ្លួន ឬយ៉ាងណា ? ឬមួយលោកប្រធានយល់ឃើញថា បេក្ខជន ៤រូបផ្សេងទៀត ហាក់ដូចគ្មានសមត្ថភាព និងពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់ធ្វើជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥នេះ ?!
ទោះជាយ៉ាងណា ការផ្សាយរបស់ CEN ទាក់ទងនឹងរូបភាពបែកធ្លាយ លោក លី ចន្ទតុលា ប្រធានគណៈមេធាវីចប់អាណត្តិ ចូលរួមកម្មវិធីអាហារសាមគ្គីគាំទ្របេក្ខភាពប្រធានគណៈមេធាវីកម្ពុជា លោកមេធាវី សាំង វណ្ណ: គឺជាការពិត ដូចមានរូបភាពផ្សាយភ្ជាប់មកជាមួយ មិនមែនជាការបំផ្លើស ឬប្រឌិតនោះទេ។
CEN សូមថ្លែងអំណរគុណដល់លោកប្រធាន លីច័ន្ទតុលា ដែលបានធ្វើសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ចំពោះការចូលរួមអាហារសាមគ្គី ក្នុងកម្មវិធីឃោសនារកសំឡេងឆ្នោតគាំទ្រ លោកមេធាវី សាំង វណ្ណៈ ជាបេក្ខភាពប្រធានគណៈមេធាវី អាណត្តិទី១៥ មិនខុស និងមិនមានបទប្បញ្ញត្តិហាមឃាត់, ហើយថា មានការអនុវត្តនៅបរទេសបែបនេះដែរ។
ដោយឡែកមហាជន បានលើកឡើងជាចម្ងល់ និងសំណួរទៀតហើយថា បទបញ្ជាផ្ទៃក្នុងគណៈមេធាវី ត្រង់ ប្រការ ១៣ (ស្ដីពីដំណើរការនៃការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី) កថាខណ្ឌទី៥ ចែងថា : ” ប្រធានគណៈមេធាវី ឬតំណាងប្រធានគណៈមេធាវី អារកាត់លើគ្រប់ឧបសគ្គដែលអាចកើតមាននៅចំពេលបោះឆ្នោត ឬនៅពេលរាប់សន្លឹកឆ្នោត។
បើបែបនេះ តើលោកប្រធាន លី ច័ន្ទតុលា កំពុងត្រៀមចប់អាណត្តិជាប្រធានគណៈមេធាវីនោះ ចូលរួមក្នុងកម្មវិធី អាហារសាមគ្គី ឃោសនារកសំឡេងឆ្នោតគាំទ្រ លោកមេធាវី សាំង វណ្ណៈ ជាបេក្ខភាពប្រធានគណៈមេធាវីអាណត្តិថ្មីនេះ អាចថា ជាការប្រើឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឲ្យមានការទាក់ទាញដែរឬទេ?!
មហាជនសម្ដែងមតិថា ជាការគួរ លោក លី ច័ន្ទតុលា ជាប្រធានគណៈមេធាវីស្ថិតក្នុងអាណត្តិមិនទាន់ចប់ជាផ្លូវការនោះ គួរណាស់តែរក្សាខ្លួននៅទំនេរ មិនត្រូវចូលរួមចំពោះសកម្មភាពឃោសនារកសំឡេងឆ្នោតរបស់បេក្ខភាពប្រធានគណៈមេធាវីអាណត្តិថ្មីនោះទេ, ប៉ុន្តែទោះជាយ៉ាងណា លោកប្រធាន លី ច័ន្ទតុលា បានអះអាងរួចហើយថា ទង្វើរបស់លោកមិនមានអ្វីខុសឆ្គងនោះទេទាក់ទងទៅនឹងបទប្បញ្ញត្តិផ្សេងៗនៃការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី៕ ពិសិដ្ឋ CEN








