ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ដែលរងការចោទប្រកាន់ពាក់ព័ន្ធករណីរំលោភបំពាន លើសិស្សសាលាខ្មែរឥស្លាម ត្រូវបានព្រះរាជអាជ្ញាតំណាងឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅតុលាការ។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនជនសង្ស័យមកសួរនាំកាលពីថ្ងៃទី១៥តុលាម្សិលមិញ។
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបញ្ជាក់ថា ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស មានអាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម។ ទោះបីមានសួរចម្លើយយ៉ាងណា ជនសង្ស័យនៅតែមិនព្រមឆ្លើយសារភាពនោះទេ ។
តាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ ក្នុងនោះមានអាយុ១៣ឆ្នាំមួយនាក់ អាយុ១៤ឆ្នាំមួយនាក់ និងអាយុ១៥ឆ្នាំពីរនាក់ ត្រូវបានជនសង្ស័យប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:។ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ មាន២នាក់បានមកដាក់ពាក្យបណ្ដឹង និង២នាក់ទៀតមិនដាក់បណ្តឹង ហើយក៏មានសាក្សី៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
