Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសបន្តលើកទឹកចិត្ដពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្ដសៀមរាប

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្ដីពី ការលើកទឹកចិត្ដពន្ធដារចំពោះសហគ្រាស ក្នុងវិស័យទេសចរណ៍នៅខេត្ដសៀមរាប។ នេះបើតាមប្រកាសនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច៖

ប្រការ១..ប្រកាសនេះ មានគោលបំណងផ្តល់ការលើកទឹកចិត្តពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅ ខេត្តសៀមរាប ស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អ ប្រសើរឡើងវិញ។

ប្រការ២..ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅ ខេត្តសៀមរាប។

ប្រការ៣..ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចខាងក្រោម៖ ១- លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការ ស្នាក់នៅ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។

២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែល សហគ្រាសបានបង់រួច ប្រចាំឆ្នាំ២០២៥។ នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូល

៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤។

ប្រការ៤..ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ សហគ្រាសនៅតែ មានកាតព្វកិច្ចដូចខាងក្រោម៖

១- អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវដាក់លិខិតប្រកាសពន្ធអាករដោយប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) ជារៀងរាល់ខែ និងត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាម អនឡាញ (Tol e-Filing) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ ដោយឡែក អ្នកជាប់ពន្ធតូច ត្រូវដាក់លិខិតប្រកាសពន្ធទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាច ដាក់លិខិតប្រកាសពន្ធតាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។

២- អ្នកជាប់ពន្ធ ត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មានដែលទាក់ទិននឹង សកម្មភាពអាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

ប្រការ៥..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×