Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកមេធាវី សាំង វណ្ណៈ អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ និងជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ បានជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៥

ភ្នំពេញ ៖ លទ្ធផលក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតក្នុងមហាសន្និបាតជ្រើសរើសប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥ បង្ហាញថា លោកមេធាវី សាំង វណ្ណៈ ទទួលបានសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ទៅ ២១០៥ សំឡេង ស្មើនឹង ៧៤.៤៩% ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ២៨២៦នាក់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី អាណត្តិទី១៥ ប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ 

បន្ទាប់ពីមហាសន្និបាតបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីនេះ បញ្ចប់ទៅ មេធាវីមួយចំនួន ដែលបានចូលរួមបោះឆ្នោតដែរនោះ បានបង្ហោះសារលើបណ្តាញសង្គមបង្ហាញពីការអបអរសាទរដល់ លោកមេធាវី សាំង វណ្ណៈ ដែលជាប់ឆ្នោតក្លាយជាប្រធានគណៈមេធាវីថ្មី អាណត្តិទី១៥ ជំនួស លោកមេធាវី លី ច័ន្ទតុលា ដែលកាន់តំណែងប្រធានគណៈមេធាវីនេះ អស់២អាណត្តិជាប់គ្នា មានរយៈពេល៤ឆ្នាំ។

សូមបញ្ជាក់ថា ក្នុង១អាណត្តិនៃតំណែងប្រធានគណៈមេធាវី មានរយៈពេលត្រឹម ២ឆ្នាំ ហើយមេធាវីម្នាក់ អាចឈរឈ្មោះជាប្រធានគណៈមេធាវី បាន ២អាណត្តិ។ ការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីអាណត្តិទី១៥នេះ មានបេក្ខជន ៥រូប ឈរឈ្មោះជាប្រធានគណៈមេធាវី រួមមាន : លោកមេធាវី សាំង វណ្ណៈ , លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា, លោកមេធាវី សេក សោភ័ណ, លោក រុន រ័ត្នវាសនា, និងលោកស្រី មេធាវី សេង វួចហ៊ុន។

គួរជ្រាបផងដែរថា ក្រៅពីជាសមាជិកគណៈមេធាវី ពីមុនមក លោក សាំង វណ្ណៈ ក៏ជាអនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោផងដែរ មានលោកមេធាវី គី តិច ជាប្រធាន។ បន្ថែមពីនេះ លោកមេធាវី សាំង វណ្ណៈ ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ហើយថែមទាំងជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ទៀតផង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×