កណ្តាល ៖ អង្គភាពការពារកុមារ (CPU) បានឲ្យដឹងថា ជាលទ្ធផលនៃការស៊ើបអង្កេតដោយក្រុមការងារចម្រុះ FOXTROT24 យើងអាចរាយការណ៍ជូនមហាជនថា បុរសម្នាក់មានអាយុ៣១ឆ្នាំ រស់នៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែតុលា ពាក់ព័ន្ធករណីរំលោភសម្លាប់ទៅលើកុមារីអាយុ៨ឆ្នាំម្នាក់ ដែលសាកសពនោះត្រូវបានរកឃើញកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
យើងក៏អាចបន្ថែមថាកុមារីរងគ្រោះមានពិការភាពពីកំណើត ធ្វើឲ្យខ្សោយបញ្ញាដោយជម្ងឺដោនស៊ីនដ្រូម (Down Syndrome) ដែលបង្កឲ្យមានកម្រិតក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។
កាលពីថ្ងៃទី១៣ ខែតុលា នៅវេលាម៉ោង៥ល្ងាច កុមារីម្នាក់មានអាយុ៨ឆ្នាំ បានបាត់ខ្លួនពីផ្ទះ ស្ថិតនៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអធិការដ្ឋាន រួមជាមួយអ្នករស់នៅក្នុងភូមិបានជួយគ្នាស្វែងរកកុមារីនោះ តែពុំបានជោគជ័យ។
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែតុលា សាកសពកុមារីបាត់ខ្លួននេះត្រូវបានគេរកឃើញនៅក្នុងទឹកនៃតំបន់ទំនាបព្រៃលិចទឹកចម្ងាយពីផ្ទះប្រមាណ៥០០ម ដោយមានស្ថានភាពអណ្តែតផ្កាប់មុខ។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីការរកឃើញនេះ និងបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) រួមជាមួយមន្ត្រីជំនាញពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ជាជំនួយដល់ការិយាល័យព្រហ្មទណ្ឌ និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ការពិនិត្យកន្លែងកើតហេតុ និងសាកសពត្រូវបានធ្វើឡើង។ ជាលទ្ធផលនៃការពិនិត្យ មន្ត្រីជំនាញបានរកឃើញស្លាកស្នាមដែលបញ្ជាក់ថាកុមារីរងគ្រោះត្រូវបានគេសម្លាប់។ ក្រុមការងារចម្រុះ “FOXTROT24” ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអង្គភាពការពារកុមារ (CPU) ដើម្បីដំណើរការស៊ើបអង្កេតទៅលើរឿងហេតុនេះ។
“នេះគឺជាអំពើឃាតកម្មដ៏ព្រៃផ្សៃមួយដែលបានប្រព្រឹត្តទៅលើកុមារស្លូតត្រង់ម្នាក់ ដូច្នេះយើងនឹងខឹតខំធ្វើការស៊ើបអង្កេតអោយបានផ្ចិតផ្ចង់ ដើម្បីកំណត់ និងស្វែងរកជនល្មើស” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU)។
លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើងថា “ខ្ញុំសុំយកឱកាសនេះដើម្បីថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ចំពោះការគាំទ្រក្នុងការស៊ើបអង្កេតមួយនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចំពោះការដឹកនាំការងារស៊ើបអង្កេត និងមន្ត្រីនគរបាលខេត្តកណ្តាលទាំងឡាយដែលបានប្រតិបត្តិការស៊ើបអង្កេតដ៏ល្អប្រសើរ ដើម្បីឈានមកដល់ដំណាក់កាលកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនេះទៅលើកុមារីស្លូតត្រង់ម្នាក់។
កិច្ចសហការដ៏ល្អរវាងស្ថាប័ន្នពាក់ព័ន្ធបាននាំមកនូវការឃាត់ខ្លួនក្នុងពេលវេលាដ៏ខ្លី។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីទទួលទោសចំពោះមុខច្បាប់ ពីបទឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបទឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ។ បទល្មើសទាំងនេះគឺមានទោសជាប់ពន្ធនាគារអស់មួយជីវិត។
ក្រុមការងារយើងសូមថ្លែងនូវការសោកស្តាយជូនដល់ក្រុមគ្រួសាររងគ្រោះ និងមិត្តភក្តិទាំងអស់គ្នា”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






