ភ្នំពេញ៖ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ(CNRP) សុំចូលមកគណបក្សប្រជាជនកម្ពុជា មានចំនួនកើនឡើងសរុប ៥៦២នាក់ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងនោះលោក អ៊ក គឹមហាន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានអោយក្រុមការងារគេហទំព័រ គហទំព័រគណបក្ស ប្រជាជនកម្ពុជា ដឹងតាមរយៈ Telegram ថា គិតត្រឹមថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាCNRP សុំចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា មានសរុប ៥៦២នាក់។ ក្នុងនោះមានតំណាងរាស្ត្រ ១នាក់ ក្រុមប្រឹក្សាខេត្ត ៧នាក់ ក្រុមប្រឹក្សាស្រុក ក្រុង ៤៤នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ ៥១០នាក់(មេឃុំចៅសង្កាត់៤៦នាក់ ជំទប់ទី១ស្នើនឹង៤៩នាក់ ជំទប់ទី២ ចំនួន៩៧នាក់ សមាជិកចំនួន៣១៨នាក់) មកពី៣៦៧ឃុំសង្កាត់។
លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការរំលាយគណបក្សសង្គ្រោះជាតិ វាមិនបានប៉ះពាល់សិទ្ធិ និងឆន្ទៈពលរដ្ឋជាង ៣ លាននាក់នោះទេ ផ្ទុយទៅវិញការរំលាយនេះគឺជាការការពារសិទ្ធិ និងឆន្ទៈប្រជាពលរដ្ឋព្រោះពលរដ្ឋចង់បានសេចក្ដីសុខ សណ្ដាប់ធ្នាប់សង្គម ហើយវាក៏ជាការអនុវត្តច្បាប់មួយដែលពលរដ្ឋចង់បាន និងយុត្តិធម៌នៅក្នុងសង្គម។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ ដោយមានការចូលរួមពី លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ផាន់ សិទ្ធី តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ចិន ថុន តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងមានអ្នកចូលរួមផ្សេងទៀតប្រមាណជាង ២០០ នាក់នៅសាលប្រជុំរាជបណ្ឌិត្យសភាកម្ពុជា។
លោកបានបញ្ជាក់ថា៖ ករណីដែលនាំឲ្យបក្ស CNRP ត្រូវបានរំលាយដោយតុលាការនេះ បើយើងពិនិត្យក្នុងអត្ថបទច្បាប់គឺគណបក្សបានប្រព្រឹត្តកំហុសដូច ដែលមានចែងក្នុងច្បាប់នៃមាត្រាថ្មីនេះដែលមានពាក់ព័ន្ធដល់ រចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំរបស់គណបក្ស៕ ដោយ៖បញ្ញាស័ក្តិ