Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ឥណ្ឌូនេស៊ី មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

ក្នុងឱកាសនៃជំនួបនេះ សម្ដេចមហាបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានអង្គការ CAPDI ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមិត្តចាស់របស់ ឯកឧត្តមជាយូរណាស់មកហើយ។ សម្ដេចមហាបវរធិបតី បានអញ្ជើញ ឯកឧត្តមប្រធានអង្គការ ចូលរួមក្នុង «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP» នៅខែវិច្ឆិកា ខាងមុខនេះ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអញ្ជើញ ឯកឧត្តម ចូលរួមរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ស្របពេលដំណាលគ្នានៃសន្និសីទ្ធនេះផងដែរ។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូន ឯកឧត្តមប្រធានអង្គការ CAPDI អំពីតួនាទីដ៏មានសារៈសំខាន់ និងមិនអាចកាត់ថ្លៃបានរបស់ឥណ្ឌូនេស៊ី ក្នុងការស្វែងរកសុខសន្ដិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នៅក្នុងទសវត្សឆ្នាំ១៩៨០ និង១៩៩០ផងដែរ។ 

សម្ដេចមហាបវរធិបតី និងឯកឧត្តមប្រធានអង្គការ CAPDI មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូនេស៊ី និងបានពិភាក្សាអំពីការជំរុញ និងបង្កើតឱ្យមានយន្តការទំនាក់ទំនងនៅគ្រប់កម្រិត គ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្លូវការ និងក្រៅផ្លូវការ, ក្របខ័ណ្ឌរដ្ឋាភិបាលនិងរដ្ឋាភិបាល, វិស័យឯកជននិងវិស័យឯកជន, គណបក្សនិងគណបក្ស ដែលនេះជាកត្តារួមចំណែកដល់ភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។  សម្ដេចមហាបវរធិបតី និងឯកឧត្តមប្រធានអង្គការ CAPDI ក៏បានពិភាក្សាអំពីការជំរុញការតភ្ជាប់ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងរវាងវិនិយោគិននិងវិនិយោគិន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការជំរុញវិស័យទេសចរណ៍ ពិសេសការជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ និងសម្បូរណ៍បែប ពីគោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ បន្ថែមលើនោះ សម្តេចមហាបវរធិបតី និងឯកឧត្តមប្រធាន CAPDI ក៏បានផ្លាស់ប្ដូរទស្សនទានអំពីបញ្ហាតំបន់ និងអន្តរជាតិ ដោយផ្ដោតលើ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ សំដៅធានាបាននូវការអភិវឌ្ឍរីកចម្រើន និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×