Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល : ក្រុមហ៊ុន Shanghai Geoharbour Group ស្វែងយល់បន្ថែមទៀតលើសក្ដានុពលនៃការវិនិយោគក្នុងវិស័យកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ, អាកាសយានដ្ឋាន, និងកោះសិប្បនិម្មិតជាដើម។ ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតលើសក្ដានុពលនៃការវិនិយោគក្នុងវិស័យកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។

នាឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានអញ្ជើញមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគបន្ថែមនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×