Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានរដ្ឋសភាអាល់ហ្សេរ៉ឺ ស្នើសូមសម្តេចរដ្ឋសភាធិបតី ឃួន សុដារីជួយពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរទំាងខាងនីតិប្បញ្ញត្តិ​ និងនីតិប្រតិបត្តិ

(វៀងច័ន្ទន៍) ឆ្លៀតនៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន (Hon. Moundir Bouden) អនុប្រធានរដ្ឋសភា នៃប្រទេសអាល់ហ្សេរី នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមអនុប្រធានរដ្ឋសភា ស្នើសូមសម្តេចជួយពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរទំាងខាងនីតិប្បញ្ញត្តិ​ និងនីតិប្រតិបត្តិ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជន​ និងប្រជាជន​ នៃប្រទេសទាំងពីរឱ្យបានរឹងមាំឡើងបន្ថែមទៀត។

ឯកឧត្តមបានលើកឡើងថា កម្ពុជា​ និងអាល់ហ្សេរី​ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៣០ឆ្នាំមកហើយ។ ដើម្បីភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ​ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារតាមអនឡាញ ជាមួយ ឯកឧត្តម ប្រធានរដ្ឋសភា អាល់ហ្សេរី នៅពេលខាងមុខ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសេចក្តី សោមនស្សរីករាយ ចំពោះការជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ុនឌៀរ ប៊ូដិ នាឱកាសនេះ។ សម្តេចបានលើកឡើងថា​ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ពិតជាមានសារៈសំខាន់ដែលមិនត្រឹមនាំមកនូវផលប្រយោជន៍ជូនប្រជាជន​ និងប្រទេសទំាងពីរប៉ុណ្ណោះទេ តែនឹងរួមចំណែកដល់ការកសាង ការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពដល់ពលរដ្ឋក្នុងសកលលោកផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញ​ ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន និងសភាអាល់ហ្សេរី ចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាក្នុងឆ្នាំនេះ ផងដែរ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×