Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាផ្លែផ្កាសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្តទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាផ្លែផ្កាសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត ពិតមែនហើយថ្ងៃនេះ យើងទទួលបានសមិទ្ធផលថ្មី គឺ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ស្ថិតក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែអភិវឌ្ឍន៍វិស័យកសិកម្មប៉ុណ្ណោះទេ គឺចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងលើកឡើងបែបនេះ នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសសម្ពោធសមិទ្ធផលថ្មី គឺ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ស្ថិតក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលទំនប់ទាំងនេះ ត្រូវបានសាងសង់ឡើងក្នុងពេល សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជានាយករដ្ឋមន្ត្រី ហើយពេលនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអ្នកបន្តវេន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតចាប់តាំងពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០២៤នេះ កម្ពុជាបានសាងសង់ប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រពបានជាង ១លានហិកតា ចំណាយថវិកា ១ ៨០០លានដុល្លារអាមេរិក។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណ កោតសរសើរចំពោះ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានទឹក និងឧតុនិយម យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។

ទំនប់ទាំងបីនៅទីនេះ (ខេត្តមណ្ឌលគិរី) គឺពិតជាប្រយោជន៍ដល់ការប្រើប្រាស់ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងរយៈពេល ២៥ឆ្នាំ ចុងក្រោយនេះ កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ និងឯកភាពជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ, ទាំងវិស័យនយោបាយ សង្គម-សេដ្ឋកិច្ច និងវប្បធម៌ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕ ពិសិដ្ឋ CEN

×