Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តជំរុញឲ្យសមត្ថកិច្ចខិតខំបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ល្បែងស៊ីសងគ្រប់ប្រភេទ

ខេត្តកំពង់ចាម:” កម្លាំងសមត្ថកិច្ចត្រូវតែបន្តទប់ស្កាត់និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋានក្នុងនោះរួមមានដូចជាការជួញដូ ចែកចាយគ្រឿងញៀន ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋាន “នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្តថ្លែងនាព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ -២០២៨ និងប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រចាំត្រីមាសទី៣និងទិសដៅបន្តដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:អាជ្ញាធរគ្រប់លំដាប់ថ្នាក់ហ្នឹងដោយមានការចូលរួមយ៉ាងសស្រាក់ស្រាំក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បានធ្វើឲ្យបរិយាកាស សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅតាមសហគមន៍ភូមិឃុំសង្កាត់កាន់តែមានភាពកក់ក្តៅនិយាយជារួម និយាយដោយឡែកខេត្តកំពង់ចាមប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនានិងមានការជឿជាក់ព្រមទាំងបានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរដល់ដំណើរការអភិវឌ្ឍនិងសង្គមកិច្ចលើគ្រប់វិស័យ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថាការទទួលបានជោគជ័យនៃការអនុវត្តគោលនយោបាយឃុំ សង្កាត់ មានសុវត្ថិភាពកន្លងមកនេះនិងដើម្បីបន្តឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗក្នុងនោះរួមមាន÷
១.បន្តរៀបចំផែនការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដល់សហគមន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យបានយល់ជ្រួតជ្រាបនិងឱ្យមានការចូលរួមអនុវត្តពីបងប្អូនប្រជាពលរដ្ឋឲ្យបានសកម្ម។
២.បន្តរៀបចំវេទិកាសាធារណៈឲ្យបានទៀងទាត់ដើម្បីស្ដាប់សំណូមពរបញ្ហាប្រឈមនិងក្តីកង្វល់ ដែលកើតមាននៅក្នុងមូលដ្ឋានសំដៅរួមគ្នាដោះស្រាយនិងជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។
៣.បន្តតាមដានត្រួតពិនិត្យជំរុញអនុវត្តផែនការសកម្មភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ។
៤.បន្តអនុវត្តសេចក្តីណែនាំលេខ០៦/២៤ សណន របស់រដ្ឋបាលខេត្តចុះថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤ ស្ដីពីការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជនសិស្សានុសិស្សគេចសាលា ទៅប្រមូលផ្ដុំលេងទូរសព្ទលេងហ្គេមតាម internet ជក់បារីនិងឈានទៅប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ចំណែកឯកឧត្តមអូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញមានប្រសាសន៍លើកឡើងឲ្យដឹងដែរថា រូបលោកពិតជាមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃដែលត្រូវអនុវត្តសម្រាប់ឆ្នាំ២០២៤-២០២៨និងការប្រជុំបូកសរុបប្រចាំត្រីមាសទី ៣ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ គួររំលឹកថាឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានចូលរួមផ្សព្វផ្សាយពីផែនការថ្នាក់ជាតិធ្វើឡើងកាលពីថ្ងៃទី២៥កញ្ញា ឆ្នាំ ២០២៤ កន្លងទៅនារាជធានីភ្នំពេញ។ ឥឡូវផែនការនេះត្រូវបានបន្តផ្សព្វផ្សាយដល់ថ្នាក់ក្រោមជាតិគ្រប់ខេត្តរាជធានីទាំងអស់ក្នុងប្រទេសកម្ពុជា។ តាមពិតផែនការនេះត្រូវបានធ្វើហើយនិងមានការចែកសៀវភៅណែនាំស្ដីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជូនដល់មន្ត្រីដែលបានចូលរួម។ ពីមុនត្រូវបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឥឡូវនេះធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជាតែម្ដង។ ធ្វើយ៉ាងណាអនុវត្តតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាតិក្នុងគោលបំណងរក្សាហើយបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងការកាត់បន្ថយភាពក្រីក្រ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×