Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយពេលសុំទោសប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ ៖ អ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំនៅព្រឹក​ថ្ងៃព្រហស្បតិ៍ទី២៤ខែតុលានេះ បន្ទាប់ពីជាប់ពន្ធធនាគាររយៈ២៥ថ្ងៃ។

ការដោះលែងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានធ្វើការសុំទោស ដល់ប្រធានព្រឹទ្ធសភា សម្តេចតេជោហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីយប់ថ្ងៃទី ២៣ តុលា ។ លោកដារ៉ាត្រូវបានដោះលែងនៅម៉ោង១២ ថ្ងៃត្រង់ពីពន្ធធនាគារខេត្តកណ្តាល។

អ្នកសារព័ត៌មានកម្ពុជា លោក ម៉ិច ដារ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញវីដេអូមួយ សូមទោសចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន៥លើក កន្លងទៅ។

តាមរយៈវីដេអូនេះ លោក ម៉ិច ដារ៉ា បានអះអាងថា មុនពេលចាប់ខ្លួន លោកបានបង្ហោះព័ត៌មានមិនពិត ចំនួន៥លើក នៅលើបណ្តាញសង្គមកន្លងមក ក្នុងនោះមាននៅថ្ងៃទី២០, ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ដូច្នេះទៀតថា៖ «រាល់សារដែលខ្ញុំបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស ខ្ញុំបាទសូមធ្វើការសូមទោស និងសោកស្តាយចំពោះកំហុស ដែលខ្ញុំបាទបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ»។

សូមបញ្ជាក់ថា លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានបង្ហោះព័ត៌មានមិនពិត អំពីការអភិវឌ្ឍនៅរមណីដ្ឋានបាភ្នំ នៅខេត្តព្រៃវែង។ ក្រោយឃាត់ខ្លួន តុលាការបានចោទប្រកាន់ លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×