Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី​ វិស្សុត ជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី

ភ្នំពេញ ៖ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤នេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កំពុងដឹកនាំ​​ កិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើររវាងក្រសួងមុខងារសាធារណៈ និងទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងមតិស្វាគមន៍ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ឯកឧត្តម​ ចង់ស្តាប់វឌ្ឍនភាព នៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ និងបានត្រៀមចែករំលែកស្ថានភាពនៅទីស្តីការគណៈរដ្ឋមន្ត្រី និងចក្ខុវិស័យឆ្ពោះទៅមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា “ការងារដែលកំពុងធ្វើនាពេលនេះជាការងារធំ ហើយតែងតែមានការពិភាក្សាជាប្រចាំកន្លងមក។ សម្រាប់ពេលនេះ ការងារវិភាគមុខងារ បាន និងកំពុងបន្តអនុវត្តកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីធានាការកសាងរដ្ឋបាលសាធារណៈ ពូកែ និងស្អាតស្អំ ហើយដែលនេះជាមូលដ្ឋាននៃការរៀបចំប្រទេសជាតិ និងការកសាងជាតិ ដែលកាន់តែខ្លាំង។”

ទន្ទឹមនេះ​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. ដែលជាសហប្រធាន បានបង្ហាញពីសមិទ្ធផលសង្ខេប ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “កិច្ចប្រជុំនាពេលនេះ គឺជាការចូលរួមផ្សព្វផ្សាយឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត នូវគោលបំណង និងគោលដៅនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ និងសារៈសំខាន់នៃការសហការគ្នា ការបំពេញគ្នាទៅវិញទៅមក លើការអនុវត្តការងារលើការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។”

សូមជម្រាបថា ទីស្តីការគណៈរដ្ឋមន្ត្រី គឺជាស្ថាប័នទី៧ ដែលក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានសហការរៀបចំបន្ទាប់ពី ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×