ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ជី ពីងស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន អាណត្តិទី១៣ និងជាប្រធានសមាគមន៍ចិនសម្រាប់ការយល់ដឹងជាអន្តរជាតិ (CAFIU) នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម ជី ពីងស៊ាន បានសួរសុខទុក្ខគណៈប្រតិភូរដ្ឋសភាកម្ពុជា បន្ទាប់ពីបានមកដល់ប្រទេសចិនរយៈពេល២ថ្ងៃមកនេះ។ ឯកឧត្តម ក៏បានរៀបរាប់ជូនគណៈប្រតិភូ អំពីភូមិសាស្រ្ត និងស្ថានភាពនៃការអភិវឌ្ឍខេត្តហ្វូជានផងដែរ។ ឯកឧត្តម បានរំលឹកថា ចំនុចពិសេសនៃតំបន់ភ្នំ Wuyi ស្ថិតក្នុងស្រុកណានពីង ខេត្តហ្វូជាន ដែលគណៈប្រតិភូកំពុងស្នាក់នៅនេះ គឺជាចំនុចចាប់ផ្តើមនៃផែនការបដិវត្តន៍របស់បក្សកុម្មុយនិស្តចិនដែលដឹកនាំដោយ លោកប្រធាន ម៉ៅ សេទុង។
ខេត្តហ្វូជាន ជាខេត្តដ៏សំខាន់មួយរបស់ប្រទេសចិន មានរួមបញ្ចូលទាំងតំបន់ភ្នំ និងឆ្នេរសមុទ្រ ដែលមានអំណោយផលដល់សេដ្ឋកិច្ច។ តំបន់មាត់សមុទ្រមានអំណោយផលដល់វិស័យដឹកជញ្ជូនតាមកំពង់ផែរសមុទ្រ និងតំបន់ភ្នំមានអំណោយផលផ្នែកទេសចរណ៍ និងការដាំតែជាដើម។ ក្នុងនោះក្រុង(ស្រុក) Xiamen គឺជាក្រុងដ៏សំខាន់មួយ ដែលជាបណ្តុំសេដ្ឋកិច្ច មានកំពង់ផែរដ៏ធំ១ ក្នុងចំណោមកំពុងផែរធំៗ៥ ដែលចិនបានបើចំហរមុនគេបង្អស់ និងជាតំបន់ទេសចរណ៍សំខាន់ថែមទៀតផង។
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអរគុណចំពោះការៀបរាប់យ៉ាងក្បោះក្បាយ អំពីសក្តានុពលនៃខេត្តហ្វូជាន និងបានកោតសរសើរចំពោះការរៀបចំអភិវឌ្ឍខេត្តនេះបានយ៉ាងស្រស់ស្អាត។ ឯកឧត្តម មានប្រសាសន៍បន្តថា ខេត្តហ្វូជាន និងកម្ពុជា ក៏មានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្រ្តផងដែរ។ សព្វថ្ងៃប្រជាជនកម្ពុជា ខ្សែស្រឡាយចិនហ្វូជានជាច្រើនកំពុងរស់នៅកម្ពុជា ហើយបានបង្កើតជាសមាគមន៍ចិនហ្វូជាន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគចិន ទៅកាន់កម្ពុជា។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងកម្ពុជា-ចិន ទាំងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នឹងបន្តកាន់តែស្អិតរមួតជាមួយគ្នា និងបានសំណូមពរដល់ ឯកឧត្តម ជី ពីងស៊ាន ជួយជំរុញប្រជាជន និងអ្នកវិនិយោគចិន ទៅទស្សនាកំសាន្ត និងវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម ជី ពីងស៊ាន បានទទួលយកសំណើររបស់ឯកឧត្តម វង សូត ដោយសន្យាថានឹងជំរុញឱ្យប្រជាជនខេត្តហ្វូជាន ទៅធ្វើទេសចរកំសាន្តនៅកម្ពុជា និងជំរុញក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ ឱ្យទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តម គូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តល្អរបស់ចិននៅគ្រប់កាលៈទេសៈ។ ទោះពិភពលោកប្រែប្រួលកាន់តែស្មុគស្មាញយ៉ាងណាក៏ដោយ ប៉ុន្តែមិត្តភាពកម្ពុជា-ចិន នៅតែមិនអាចបំបែកពីគ្នាបានឡើយ។ ដូចនេះ រដ្ឋាភិបាលចិន យកចិត្តទុកដាក់ខ្ពស់ និងគាំទ្រកម្ពុជាទទួលបានការរីកចម្រើនកាន់តែល្អប្រសើរឡើងថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី