ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹង ការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជី ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធាន ដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយប្រតិទិនការងារនៃការរៀបចំការបោះឆ្នោតលើកទី១ ដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ អំពីការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។
ឯកឧត្តម ជី ចំណាន បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋា ភិបាលបានចេញអនុក្រឹត្យស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ អនុលោមតាម មាត្រា ៧៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ សម្រាប់ជ្រើសរើស ក្រុមប្រឹក្សាក្រុងដែលបង្កើតថ្មីនេះ ដោយត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ (ពីររយសែសិប) ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ១៩២ សសរ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ គឺនាថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ជឺ ចំណាន បានមានប្រសាសន៍បន្តថា ផ្អែកលើមូលដ្ឋានខាងលើនេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវសេចក្តីសម្រេច ផែនការមេ ប្រតិទិនការងារ រួមទាំង បានរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំ ការចាត់ចែង និងការ គ្រប់គ្រងការងារបោះឆ្នោតឡើងវិញនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
អំពីការប្រកាសផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោត ឯកឧត្តម ប៊ី ចំណាន មានប្រសាសន៍ថា គ.ជ.ប បានដាក់ចេញនូវប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ដំណើរការរៀបចំការបោះឆ្នោតត្រូវចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងត្រូវបញ្ចប់យ៉ាងយូរនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាមករណីគ្មាន ឬមានពាក្យបណ្តឹង ឬគ្មានការបោះឆ្នោតសាជាថ្មី។ ឯកឧត្តម ក៏បានជម្រាបជូនសង្ខេបអំពីដំណាក់កាលសំខាន់ៗទាំង ៤ នៃ ការបោះឆ្នោតត្រូវអនុវត្តតាមកាលបរិច្ឆេទដែលបានកំណត់ក្នុងប្រតិទិន ដូចខាងក្រោម៖
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ខ.ប ត្រូវធ្វើចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវធ្វើ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ការឃោសនាបោះឆ្នោតមានរយៈពេល ៨ថ្ងៃ ដែលត្រូវចាប់ផ្តើមពីថ្ងៃ១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅការិយាល័យបោះឆ្នោត ត្រូវធ្វើនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។
អំពីការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឯកឧត្តម ជឺ ចំណាន ក៏បានបញ្ជាក់ជូនអំពីរបៀប បែបបទនីតិវិធី និងកាលបរិច្ឆេទនៃការដាក់ ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ ដែលការដាក់ពាក្យសុំ ចុះឈ្មោះនោះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ រីឯការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ចំពោះពាក្យសុំចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬមកយកផ្ទាល់នៅទីស្តីការ គ.ជ.ប ដោយឥតគិតថ្លៃ។
អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឯកឧត្តម ជី ចំណាន បានមានប្រសាសន៍ថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាម ច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនេះ។ ការចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ក៏បានជម្រាបជូនលម្អិត អំពីលក្ខខណ្ឌ និងលក្ខណសម្បត្តិក្នុងការឈរឈ្មោះជាបេក្ខជន ភាពមិនមានសិទ្ធិឈរឈ្មោះជា បេក្ខជន និងបែបបទនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ នគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រី បុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតឡើងវិញ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសទៅក្រសួង ស្ថាប័នសាមីយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនា ការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។
ប្រសិនបើសាមីខ្លួនជាប់ឆ្នោត ហើយមានបំណងចង់បម្រើការងារជាសមាជិកក្រុមប្រឹក្សា នោះសាមីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅក្រសួង ឬស្ថាប័នសាមី ដើម្បីទៅបម្រើការងារ ក្រៅក្របខណ្ឌដើម ក្នុងរយៈពេលនៃអាណត្តិរបស់ក្រុមប្រឹក្សា។ ក្នុងរយៈពេលនេះ សាមីខ្លួនមាន សិទ្ធិឡើងថ្នាក់ ឬឋានន្តរស័ក្តិ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍។
អំពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ឯកឧត្តម ជឺ ចំណាន បានមានប្រសាសន៍ថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវធ្វើនៅ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ តាមទម្រង់បែបបទដែលកំណត់ដោយ គ.ជ.ប គឺ ទ.១០០៧ ។ គណបក្សនយោបាយដែលមានបំណងចុះឈ្មោះភ្នាក់ងារ អាចមកយកគំរូពាក្យសុំនៅ គ.ជ.ប ឬនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ឬអាចទាញ យកគំរូពាក្យសុំពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh”។
ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវចែកជា ២ (ពីរ) ដំណាក់កាលគឺ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការចុះ ឈ្មោះបោះឆ្នោត ដែលកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយសង្កេតមើលការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេត មើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដែលកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅ តាមការិយាល័យបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រៀងរាល់ ម៉ោងធ្វើការ។ ការចុះឈ្មោះទាំងនោះត្រូវអនុវត្តន៍តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី