ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – តើលោកអ្នកត្រៀមខ្លួនចូលរួមទស្សនាការសម្តែង និងការប្រកួតកីឡាដ៏រំភើបអស្ចារ្យរបស់អត្តពលិកនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី ២ហើយឬនៅ? ក្រុមហ៊ុន Smart មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការចូលរួមឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី ២ ដែលជាព្រឹត្តិការណ៍កីឡាខ្នាតធំប្រចាំឆ្នាំ រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី ២នេះ នឹងចាប់ផ្តើមដោយមានការប្រារព្ធពិធីបើកយ៉ាងឱឡារិកក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
នៅថ្ងៃទី ៣០ តុលា ២០២៤ ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃបិទបញ្ចប់កម្មវិធីប្រកួតនៅថ្ងៃទី ៨ វិច្ឆិកា ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ពហុកីឡាដ្ឋានមរតកតេជោ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្តាខេត្តនានា និងកន្លែងផ្សេងៗនៅទូទាំងរាជធានីភ្នំពេញ។
នៅក្នុងព្រឹត្តិកាណ៍ នេះ កីឡាចំនួន ៤២ ប្រភេទនឹងត្រូវបានយកមកប្រកួតដែលមានអត្តពលិកសរុបចំនួន ៣៥០៨ នាក់ មកពីគ្រប់ក្លឹបកីឡានានាមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធទូទាំង ២៥ រាជធានីខេត្តមកចូលរួមប្រកួតដណ្តើមយកពានរង្វាន់។ ការប្រកួតកីឡាជាតិឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងនាំមកនូវភាពរំជើបរំជួល និងបរិយាកាសសប្បាយរីករាយដ៏គួរឱ្យរំភើបបំផុតដល់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ទិសទី មកជួបជុំគ្នាដើម្បីអបអរ និងគាំទ្រលើកទឹកចិត្តដល់កីឡាករ និងកីឡាការនី។
ក្រុមហ៊ុន Smart មិនត្រឹមតែឧបត្ថម្ភគាំទ្រកីឡាជាតិយ៉ាងពេញទំហឹងប៉ុណ្ណោះទេ តែក៏កំពុងនាំយកភាពសប្បាយរីករាយ និងស្នាមញញឹមទៅកាន់អតិថិជន និងទស្សនិកជនរបស់ខ្លួនផងដែរ! លោកអ្នកអាចចូលរួមទស្សនាព្រឹត្តិការណ៍តាមរយៈការផ្សាយបន្តផ្ទាល់ពីកម្មវិធីបើកការប្រកួតកីឡាជាតិនេះនៅលើគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart ដើម្បីលើកទឹកចិត្តដល់អត្តពលិកដោយលោកអ្នកអាចចូលរួមបានពីគេហដ្ឋានបានយ៉ាងងាយស្រួល។
បន្ថែមពីនេះទៀត ក្រុមហ៊ុន Smart ក៏នឹងចូលរួមផលិតយ៉ាងពិសេសនូវវីដេអូចម្រៀង «ស្នេហាកីឡាជាតិ» ដ៏ពិរោះដែលច្រៀងដោយសិល្បករល្បីៗដូចជា ព្រះនាង នរោត្តម ជេនណា តារាចម្រៀង ឆន សុវណ្ណរាជ និងក្រុម Lacima Cartel។ ក្នុងថ្ងៃបើកកម្មវិធី Smart ក៏និងនាំមកជូននូវការសម្តែងតន្រ្តីលើឆាកជាមួយបទចម្រៀងដ៏រំជើបរំជួល «ស្នេហាកីឡាជាតិ» ដែលផលិត និងរៀបចំឡើងដោយ បង្កប់នូវស្មារតីស្រឡាញ់ និងថែរក្សាមរតកកីឡាជាតិក្នុងគោលបំណងគាំទ្រ ផ្តល់ថាមពល និងជំរុញទឹកចិត្តដល់អត្តពលិកចូលរួមប្រកួត និងអ្នកគាំទ្រគ្រប់គ្នាផងដែរ។
តស់! ចូលរួមជាមួយ Smart ដើម្បីអបអរសាទរ បណ្តុះស្មារតីស្រឡាញ់កីឡា សហគមន៍ និងសាមគ្គីភាពក្នុងការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជនពិការលើកទី ២ នេះទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែមសូមតាមដាននៅលើទំព័រហ្វេសប៊ុករបស់Smart៖ https://www.facebook.com/SmartAxiata ។