កែប ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងកែប សមិទ្ធផលថ្មីដែលសម្ពោធថ្ងៃនេះ ជាសរសៃឈាមតភ្ជាប់វិស័យទេសចរណ៍ និងអាចជិះកង់ពីភ្នំពេញមកខេត្តកែប តាមតំបន់ឆ្នេរសមុទ្រ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ” ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា រយៈពេលជិត ១៥ ខែ នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនោះមានដូចជា សម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុជាដើម។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬ ភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការងារណាមួយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី