កែប៖ ក្នុងឱកាសអញ្ជើញពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាព ឆ្នេរអង្កោលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ថា សូមក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកែប បន្តសហការ ដើម្បីបង្កើន និងបង្កើតផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខេត្តកែប ដែលមាន គុណភាព ដើម្បីលើកកម្ពស់ផលិតផលរបស់ខេត្ត ក៏ដូចជាបង្កើនកម្រិតជីវភាព របស់ប្រជាជនខេត្តកែប។
ទន្ទឹមនេះ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកែប ត្រូវបង្កើនការចូលរួមជួយដល់ផលិតករអំបិលទាំងអស់ ដើម្បីជំរុញផលិតកម្មអំបិល ឱ្យបានកាន់តែច្រើន ប្រកបដោយគុណភាពសម្រាប់បំពេញតម្រូវការទីផ្សារ តាមរយៈ ការខិតខំបង្កើនសមត្ថភាពបច្ចេកទេសថ្មីៗ ផលិតអំបិលមានគុណភាពស្តង់ដា ដើម្បីជំរុញទីផ្សារក្នុងស្រុកឱ្យបានច្រើន និងការនាំចេញទៅបរទេស។ រីឯសហគ្រាស ធុនតូច មធ្យម និងសិប្បកម្មនានាក្នុងស្រុក សូមចូលរួមប្រើប្រាស់អំបិលផលិត ក្នុងស្រុកឱ្យបានច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែល្អ ប្រសើរ។
សម្តេចបវរធិបតី ណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តរួមសហការខិតខំបំពេញការងារ ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និង អភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្តាញ ផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំង ប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្តរភាព, ទាំងគុណភាព និង ប្រសិទ្ធផល។ ទន្ទឹមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តខិតខំប្រឹងប្រែងចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់នូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣ -២០៣៥»។
សូមជម្រាបថា វិថីតេជោសន្តិភាពឆ្នេរអង្កោល មានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ គឺជាសមិទ្ធផលថ្មីមួយទៀតលើទឹកដីខេត្តកែប ដែលមានតម្លៃជាង ១០លានដុល្លារអាម៉េរិក ក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ផ្លូវនេះជាផ្លូវបេតុងកៅស៊ូប្រភេទ AC ប្រើរយៈពេលសាងសង់ចំនួន ២៤ខែ ដោយចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ខ្សែផ្លូវនេះលាតសន្ធឹងតាមមាត់ឆ្នេរទេសចរណ៍នៃសមុទ្រខេត្តកែប ដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ ១៣៣២។ វិថីតេជោសន្តិភាពឆ្នេរអង្កោលក៏ដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់សមុទ្ររបស់ខេត្តកែប ដែលបាន និង កំពុងដើរតួនាទីជួយសម្រួលដល់ចរាចរណ៍ ដឹកជញ្ជូន និង ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦ ០០០ គ្រួសារ។ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និង នេសាទនៅក្នុងឃុំអង្កោល និង លាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម, តំបន់ស្រែអំបិល, តំបន់ព្រៃកោងកាង និង តភ្ជាប់ជាមួយផ្លូវខេត្តលេខ ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និង ច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និង តំបន់ផ្សេងៗទៀត នៅក្នុងខេត្តកែប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី