Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចមហាបវរធិបតី បានស្នើឱ្យលោក ជេម សុខ ដែលតែងតែវិភាគខុសការពិតពីកម្ពុជា មកលេងស្រុកខ្មែរ ដើម្បីមើលការរីកចម្រើនដោយផ្ទាល់ភ្នែក ជៀសវាងការនិយាយខុសម្ដងហើយម្ដងទៀត

កែប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រសិនបើលោក ជេម សុខ ចង់បានទិន្នន័យច្បាស់លាស់ ឬចង់ជួបជាមួយរដ្ឋមន្រ្តីដែលលោកវាយប្រហារថាគ្មានសកម្មភាពនោះ លោក ជេម សុខ ចូលមកកម្ពុជាផ្ទាល់តែម្តង ដោយសម្តេចនឹងចេញថ្លៃចំណាយទាំងអស់។ សម្តេចធិបតី បានចាត់ទុកការរិះគន់របស់លោក ជេម សុខ ថា ជាការទទួលបានព័ត៌មាន មិនគ្រប់ជ្រុងជ្រោយ ហើយទាញសេចក្តីសន្និដ្ឋានខុសតែម្តង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោកតា ជេម សុខ ដែលតែងតែវិភាគខុសការពិតពីកម្ពុជា មកលេងស្រុកខ្មែរ ដើម្បីមើលការរីកចម្រើនដោយផ្ទាល់ភ្នែក ជៀសវាងការនិយាយខុសម្ដងហើយម្ដងទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គោល ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំលោក ជេម សុខ សូមកុំវិភាគតាមតែការផ្ដល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយពីមនុស្សមួយចំនួនហើយនិយាយខុសតាមនោះតទៅទៀត។

សម្ដេចធិបតី បានថ្លែងថា សម្ដេចស្វាគមន៍ និងផ្តល់ឱកាសឱ្យលោក ជេម សុខ អ្នកវិភាគនៅក្រៅប្រទេសអាចមកស្រុកខ្មែរបានដើម្បីជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីតាមក្រសួងស្ថាប័ននានា ដើម្បីស្ដាប់ឱ្យដឹងថា តើរយៈពេលជាង១៥ខែកន្លងមករដ្ឋមន្ត្រីនីមួយៗបានធ្វើអ្វីខ្លះ។

សម្ដេចប្រកាសចេញលុយឱ្យ លោក ជេម សុខ ដើរមើលការអភិវឌ្ឍនិងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា។ សម្ដេចថ្លែងថា«លោកតា ជេម សុខ ត្រូវមកមើលជាក់ស្ដែង ហ៊ានស៊ី ហ៊ានសងរដ្ឋាភិបាលអត់មានអីលាក់បាំងទេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រតិកម្មចំពោះការរិះគន់របស់លោក ជេម សុខ អ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមនៅក្រៅប្រទេស ដែលវាយប្រហារចំពោះ រដ្ឋមន្រ្តីមួយចំនួនថា មិនមានសកម្មភាព និងសមិទ្ធផលអ្វីឡើយ ក្នុងពេលបំពេញការងាររយៈពេលជាង១ឆ្នាំ នៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំហួសចិត្តដែលគាត់ថា រដ្ឋាភិបាលអត់ធ្វើអ្វីទេប៉ុន្តែដើរសម្ពោធសមិទ្ធផល បើថាសមិទ្ធផលនេះវាដដែលៗចុះ បើខ្ញុំសម្ពោធ ៥ដងហើយនៅតែសម្ពោធទៀត យើងគិតថាដដែល ប៉ុន្តែរាល់ការសម្ពោធសុទ្ធតែសមិទ្ធផលថ្មីទាំងអស់ គាត់ថា “មិនធ្វើអ្វីផងដើរតែសម្ពោធ” ខ្ញុំមិនយល់ដែរ បើអត់ធ្វើអ្វី ម្តេចមានសមិទ្ធផលសម្ពោធ»។

សម្តេចមហាបវរធិបតី បានបញ្ជាក់បន្តថា «នៅមួយចំហៀងផែនដីម្នាក់ ហើយនៅតែក្នុងបន្ទប់ហើយវាយតម្លៃថា មិនដើរទៅមុខ ខ្ញុំសុំអញ្ចេះ តាជេមសុខ ខ្ញុំមានអ្វីប្រឆាំងនឹងគាត់ទេ ការបញ្ចេញមតិរបស់គាត់ជាសិទ្ធិរបស់គាត់ ហើយតាំងខ្លួនជាអ្នកវិភាគដើម្បីស្ថាបនា ខ្ញុំស្វាគមន៍ ប៉ុន្តែសូមឱ្យច្បាស់លាស់ វិភាគបែបវិទ្យាសាស្ត្រ កុំវិភាគបែបស៊ីអារម្មណ៍»។ សម្តេចបន្តថា «ខ្ញុំឧស្សាហ៍និយាយណាស់ វិភាគស៊ីអារម្មណ៍នេះ គឺបង្កើតសមទ្ធកម្មថា អាក្រក់ហើយ គឺទៅយកភស្តុតាង អ្វីផ្សេងៗមកភ្ជាប់ អ្វីផ្សេងទៀតទាត់ចោលទាំងអស់ បើវិភាគបែបវិទ្យាសាស្ត្រ គេមិនទាន់ស​ន្និដ្ឋានទេ គេប្រមូលទិន្នន័យមកទាំងអស់សិន ប្រមូលឱ្យវាគ្រប់ជ្រុងជ្រោយ»។

សម្តេចនាយករដ្ឋមន្រ្តី​ បានបញ្ជាក់ថា «បើតាសុខ ជាអ្នកវិភាគពិតប្រាកដ ហើយផ្តល់ព័ត៌មានដើម្បីស្ថាបនា ខ្ញុំស្វាគមន៍ ហើយខ្ញុំកាន់តែស្វាគមន៍ទៀតបើតាសុខ មកស្រុកខ្មែរហើយទៅជួបរដ្ឋមន្រ្តីក្រសួងទាំងអស់ ហើយស្តាប់តែម្តង»។

បើតាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោក ជេម​ សុខ កន្លងទៅអាចទទួលបានព័ត៌មានខ្លះពីកម្ពុជា តាមរយៈអ្នកផ្តល់ព័ត៌មានពីស្រុកខ្មែរ ប៉ុន្តែអ្នកដែលផ្តល់ព័ត៌មាននោះ ក៏មិនមានព័ត៌មានគ្រប់ជ្រុងជ្រោយដែរ។ សម្តេចបានបញ្ជាក់ថា ប្រសិនបើ លោក ជែម សុខ មកកម្ពុជា សម្តេចនឹងមិនមាននរណាចាប់នោះទេ ហើយនឹងអនុញ្ញាតឱ្យលោកជួបជាមួយរដ្ឋមន្រ្តីដែលលោកបានរិះគន់ថា ខ្សោយជាងគេ មិនធ្វើសកម្មភាពអ្វីថែមទៀត ហើយបើសិនជាលោកចង់ផ្សាយផ្ទាល់ក្នុងជំនួបនោះ សម្តេចក៏អនុញ្ញាតឱ្យផងដែរ។

សម្តេចបានលើកឡើងថា លោក ជេម សុខ បានរិះគន់អត្រាភ្ញៀវទេសចរមកទស្សនាកម្ពុជាអំឡុងរដូវខ្សត់ភ្ញៀវទេសចរ (Low season) តែស្ងាត់មាត់មិននិយាយអ្វីទាំងអស់ នៅរដូវមានភ្ញៀវទេសចរ (High season) ទៅវិញ។ សម្តេចបានចេញមុខការពារក្រសួងទាំងអស់ ហើយចាត់ទុកថា ការវាប្រហាររបស់ លោក ជេម សុខ ចំពោះសមិទ្ធផលក្រសួងមួយមិនមែនត្រឹមតែរិះគន់ចំពោះរដ្ឋមន្រ្តីទេ តែជាការវាយប្រហារលើថ្នាក់ដឹកនាំមន្រ្តីទាំងអស់ ដែលបានខិតខំធ្វើសកម្មភាពរហូតមក។ សម្តេចបានចាត់ទុកថា លោក ជេម សុខ មិនមានទិន្នន័យច្បាស់លាស់ឡើយ។

សម្តេចបានបន្តថា «ជួនកាលគាត់មើលពីក្រៅមកឃើញថា មិនកម្រើក ប៉ុន្តែមិនមែនបានន័យថា គេមិនធ្វើការហើយអត់មានកម្រើកនោះទេ»។

សម្តេចបានរិះគន់លោក ជេម សុខ ថាមិនបានយកភ្នែកមើលនូវរបាយការណ៍ដែលបង្ហាញដោយរាជរដ្ឋាភិបាល អំពីសមិទ្ធផលរយៈពេល១ឆ្នាំកន្លងមក។ សម្តេចបានប្រកាសថា សម្តេចក៏ធានាចេញថ្លៃចំណាយសម្រាប់លោក ជេម សុខ មកកម្ពុជា និងឲ្យដើរមើលស្រុកទេសគ្រប់កន្លែងឱ្យច្បាស់អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×