Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្មទាំងអស់នៅកម្ពុជា ៩៨% ជាវិស័យសហគ្រាសធុនតូច និងមធ្យម SME ខណៈមានស្ត្រីប្រមាណជាង ៦០% បានក្លាយជាម្ចាស់អាជីវកម្ម

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកិច្ចការនារី បានលើកឡើងថា វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) បានរួមចំណែក ៩៨ភាគរយ នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមប្រមាណ ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងបានផ្ដល់ឱកាសការងារ ៧៣ភាគរយ នៃកម្លាំងពលកម្មសរុបនៅកម្ពុជា ខណៈដែលមានស្ត្រីប្រមាណជាង ៦០ភាគរយ បានក្លាយជាម្ចាស់អាជីវកម្ម និងជាអ្នកធ្វើជំនួញផងដែរ។

លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី នៅក្នុងទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៤ (CWED) ប្រធានបទ៖ ការពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងសេដ្ឋកិច្ចបៃតង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងពីចំណុចសក្តានុពលក្នុងការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព គឺការគិតគូរ និងធានាថា នៅក្នុងមធ្យោបាយ និងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានាប្រាកដថា សហគ្រិន និងអាជីវករជាស្ត្រី មានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំកម្មវិធីទិវាសហគ្រិនស្ត្រីកម្ពុជា២០២៤ ប្រធានបទ៖ ការពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងសេដ្ឋកិច្ចបៃតង និងការប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតងឆ្នាំ២០២៤ ក្នុងអណត្តិទី៥នេះ មានគោលដៅក្នុងការជំរុញគាំទ្រលើកទឹកចិត្តអោយដល់ស្ត្រីពង្រឹងភាពដឹកនាំ និងមានការគ្រប់គ្រងអាជីវកម្ម អោយមានភាពរីក ចម្រើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម តាមរយៈកសាងចំនួនសហគ្រិនស្ត្រីជោគជ័យឲ្យបានច្រើន និងដើម្បីជះឥទ្ធិពលជាវិជ្ជមាន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យខ្លាំងក្លា។

លោកជំទាវ បានលើកឡើងថា សមាគមសហគ្រិនស្ត្រីកម្ពុជា បានផ្តួចផ្តើមបង្កើតនឹងរៀបចំ “ទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ២០២៤” និងការប្រគល់ពានរង្វាន់ “សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង” គឺជាទិវាដ៏ធំអស្ចារ្យមួយនេះប្រព្រឹត្តិទៅក្នុងគោលបំណងបង្ហាញនូវភាពអង់អាចនៃអាជីវកម្មដែលដឹកនាំដោយស្ត្រី និងជាគំរូក្នុងការជម្រុញលើកទឹកចិត្តដល់សហគ្រិនស្ត្រីដទៃទៀត។

លោកជំទាវ បន្ថែមទៀតថា ដើម្បីអបអរសាទរសហគ្រិនស្ត្រីទូទាំងប្រទេស នៅក្នុងទិវានេះ យើងបានរៀបចំប្របាច់បញ្ចូលគ្នាជាច្រើនសកម្មភាព រួមមាន ទាំងការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់សហគ្រិនស្រ្តី ជាពិសេសគឺមានកិច្ចពិភាក្សាក្រោមប្រធានបទ “សហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចបៃតង” ដែលមានវាគ្មិនជំនាញ និងបទពិសោធន៍ ក្រោមការឧបត្ថមគាំទ្រដោយអង្គការយូនីដូរកម្ពុជា និងសហការគាំទ្រដោយក្រសួងកិច្ចការនារី, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសមភាពយេនឌ័រ និងលើកកម្ពស់សេដ្ឋកិច្ចសហគ្រិនស្ត្រី ពង្រឹងភាពអង់អាចក្លាហាន និងការធ្វើអាជីវកម្មរបស់ស្ត្រី ដោយផ្តោតលើសេដ្ឋកិច្ចបៃតង (ធុរកិច្ចបៃតង)៕

×