ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា កាលពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Charles Hay អគ្គនាយកទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសនៃចក្រភពអង់គ្លេស បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង ដែលកំពុងរីកលូតលាស់រវាងកម្ពុជា និងចក្រភពអង់គ្លេស ដោយបានគូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗ ក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើវិស័យអាទិភាពរួមមាន ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្រិតខ្ពស់ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ វប្បធម៍ ការពារជាតិ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ខណៈបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវផែនការអាទិភាពគន្លឹះនានា សម្រាប់ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-អង់គ្លេស បន្ថែមទៀត។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបជាមួយលោកជំទាវ Catherine West អនុរដ្ឋលេខាធិការសភាទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ឥស្សរជនទាំងពីរ បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច រវាងកម្ពុជា និងចក្រភពអង់គ្លេស កាន់តែស៊ីជម្រៅថែមទៀត ។ បញ្ហាតំបន់ និងពិភពលោកមួយចំនួន ដែលជាផលប្រយោជន៍រួម ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគី ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមព្រឹត្តការណ៍ទីផ្សារទេសចរណ៍ពិភពលោក ដែលក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា បានតាំងបង្ហាញប្រកបដោយមោទនភាពនូវគោលដៅទេសចរណ៍សំខាន់ៗ និងសក្តានុពលទេសចរណ៍ថ្មីៗរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Colin Bailey សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Queen Mary University of London ដើម្បីស្វែងរកមាគ៌ាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ព្រមទាំងបានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនេះ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តដំណើរទៅមជ្ឈមណ្ឌលវិបត្តិ (Crisis Centre) ដើម្បីស្វែងយល់ពីប្រព័ន្ធឆ្លើយតបទៅនឹងវិបត្តិកម្រិតខ្ពស់របស់ចក្រភពអង់គ្លេស ដែលមានជំនាញគ្រប់គ្រងភាពអាសន្នអន្តរជាតិ ដែលប៉ះពាល់ដល់ប្រយោជន៍ និងពលរដ្ឋរបស់អង់គ្លេស នៅទូទាំងពិភពលោក។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា MoU between the Ministry of Economy and Finance of Cambodia and the Export Credits Guarantee Department of the United Kingdom ផងដែរ។
កិច្ចពិគ្រោះយោបល់ប្រកបដោយភាពជោគជ័យនេះ ឆ្លុះបញ្ចាំងអំពីជំហានឆ្ពោះទៅមុខយ៉ាងនឹងនរ និងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី