Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិន ត្រកូលលីន ពិភពលោក ដើម្បីផ្តល់ឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ

រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃអង្គារ ទី១២ វិច្ឆិកា ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិន ត្រកូលលីន ពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីនេះឡើង គឺដើម្បីផ្តល់ឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងបានចូលរួមផ្សព្វផ្សាយបន្ថែមដល់ធុរជនជាតិ អន្តរជាតិ អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបាន ផ្តល់ជាកាលានុវត្តភាពពិសេស ដែលសមាជិក សមាជិការ នៃសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោកទាំងអស់ បានជួបជុំគ្នាផ្លាស់ប្តូរទស្សនៈ ស្វែងរកកិច្ចសហការ និង ឱកាសវិនិយោគនានា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្មវិធីដែលបានរៀបចំឡើងនៅពេលនេះ បានផ្តល់ជាកាលានុវត្តភាពពិសេស ដែលសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកទាំងអស់ បានជួបជុំគ្នាផ្លាស់ប្តូរទស្សនៈ ស្វែងរកកិច្ចសហការ និងឱកាសវិនិយោគនានា។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយវិនិយោគិនទាំងអស់ ដើម្បីដាក់ចេញយន្តការទាក់ទាញ និងគាំទ្រវិនិយោគ ដែលមានប្រសិទ្ធភាព, ផ្ដល់ភាពបត់បែនខ្ពស់, អាចបញ្ចៀសហានិភ័យ និងទាញយកផលប្រយោជន៍ឲ្យបានច្រើន នៅក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ន និងអនាគត។

សម្ដេចមហាបវរធិបតី បានអះអាងថា ប្រទេសកម្ពុជាបានប្រកាន់យកគោលការណ៍សន្តិសហវិជ្ជមានយ៉ាងខ្ជាប់ខ្ជួន ដោយមិនមានជម្លោះផលប្រយោជន៍ជាមួយបណ្តាប្រទេសណាមួយឡើយ។ ជាមួយគ្នានេះ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយ, ប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាពពេញលេញ, សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនខ្ពស់ និងមានភាពធន់នឹងវិបត្តិ។ ជាក់ស្ដែងប្រទេសកម្ពុជា បានងើបចេញពីវិបត្តិដែលបង្កឡើង ដោយការរីករាលដាលជំងឺកូវីដ១៩ បានឆាប់រហ័ស ដោយសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៣ និងព្យាករថាមានកំណើន៦% នៅឆ្នាំ២០២៤។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋានសង្គម-សេដ្ឋកិច្ចរឹងមាំ ជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ, នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដែលមានបេសកកម្មយុទ្ធសាស្ត្រ គឺ ការពារ និងថែរក្សាសន្តិភាព ដែលពិបាកទទួលបាន និងពន្លឿនការអភិវឌ្ឍជាតិដើម្បីសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

យុទ្ធសាស្ត្រនេះ បានដាក់ចេញនូវបញ្ចកោណយុទ្ធសាស្ត្រចំនួន៥រួមមាន៖ ១៖ ការអភិវឌ្ឍមូលធនមនុស្ស, ២៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតភាពប្រកួតប្រជែង, ៣៖ ការអភិវឌ្ឍវិស័យឯកជន និងការងារ, ៤៖ ការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និង៥៖ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តផ្តល់អាទិភាពលើវិស័យឯកជន ដោយបន្តធ្វើការកែទម្រង់ស៉ីជម្រៅ សំដៅធ្វើឲ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា មានភាពអំណោយផលល្អប្រសើរ និងលើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែងរបស់វិស័យឯកជននៅលើទីផ្សារអន្តរជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ច ទាំងផ្នែករឹង និងទន់ ដើម្បីបម្រើឲ្យការទាក់ទាញ និងគាំទ្រការវិនិយោគនៅកម្ពុជា។ មូលដ្ឋាន សង្គម-សេដ្ឋកិច្ច ផ្នែករឹង គឺការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវគោក, ផ្លូវទឹក, ផ្លូវអាកាស, និងផ្លូវដែក ព្រមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនីកកើតឡើងវិញ ដូចជា ថាមពល វារីអគ្គិសនី, ថាមពលព្រះអាទិត្យ, និង ថាមពលពីខ្យល់ ជាដើម។

ចំពោះមូលដ្ឋានសង្គម-សេដ្ឋកិច្ច ផ្នែកទន់, រាជរដ្ឋាភិបាលកម្ពុជា បានកែលម្អនីតិវិធីឲ្យកាន់តែងាយស្រួល និងសាមញ្ញ ព្រមទាំងដាក់ចញនូវយន្តការគាំទ្រការវិនិយោគថ្មីៗ ដូចជា គម្រោងបណ្តុះបណ្តាលជំនាញដល់យុវជនក្រីក្រចំនួន ១លាន ៥សែននាក់, ការបន្តធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងទីផ្សារតំបន់ និងពិភពលោក តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ទាំងទ្វេភាគី ពហុភាគី និងតំបន់ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។

លើសពីនេះទៀត កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី ដើម្បីលើកកម្ពស់ និងជំរុញការវិនិយោគ ឲ្យមានប្រសិទ្ធភាព តាមរយៈការកំណត់នូវវិស័យអាទិភាពជាក់លាក់ និងការលើកទឹកចិត្តដ៏ប្រសើរ សម្រាប់វិនិយោគិន។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីទទួលស្ដាប់អំពីបញ្ហាប្រឈមរបស់វិនិយោគិន និងធុរជន និងដាក់ចេញនូវដំណោះស្រាយសមស្រប ជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×