Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញថ្លៃផ្លូវបេតុងមួយខ្សែប្រវែង៦២០ ម៉ែត្រត្រូវឆាចោលព្រោះដាក់មិនគ្រប់លក្ខខណ្ឌ

ខេត្តត្បូងឃ្មុំ: ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានដោយប្រឹងអភិវឌ្ឍន៍ផ្លូវដីមកជាផ្លូវកៅស៊ូនិងផ្លូវបេតុងឲ្យមានកាន់តែច្រើនឡើង។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥កក្កដាឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងសួង បានរៀបចំដាក់ឲ្យដេញថ្លៃផ្លូវបេតុងមួយខ្សែប្រវែង៦២០ម៉ែត្រ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិងដឹកកសិផលមកកាន់ទីផ្សារឆាប់រហ័សនិងចំណេញពេលវេលា។នៅតាមភូមិឋាននានាគឺមានផ្លូវបេតុងខ្វាតខ្វែងកាន់តែច្រើនឡើង។

លោកងួន ប៊ុណ្ណាន អភិបាលក្រុងសួងមានប្រសាសន៍ដោយលើកឡើងថា:
ជារៀងរាល់ឆ្នាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែទម្លាក់កញ្ចប់ថវិកាមកថ្នាក់ក្រោមជាតិ តាមរាជធានី ខេត្ត ក្រុងស្រុក ព្រមទាំងឃុំ សង្កាត់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យកាន់តែមានការរីកចម្រើននិងបម្រើផលប្រយោជន៍សាធារណៈ។

លោកអភិបាលក្រុងសួង មានប្រសាសន៍បន្តថា ជាមួយនោះក៏បានរៀបចំថវិកាបីឆ្នាំរំកិលរបស់ខ្លួន ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យថ្នាក់ក្រោមជាតិប្រើប្រាស់និងចាត់ចែងថវិកាតាមតម្រូវការឲ្យចំគោលដៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥កក្កដា សាលាក្រុងសួងបានរៀបចំគម្រោងដេញថ្លៃផ្លូវបេតុងមួយខ្សែធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ដែលបានចូលរួមប្រកួតប្រជែងមានសណ្ដាប់ធ្នាប់ល្អនិងការដេញថ្លៃត្រឹមត្រូវនិងយុត្តិធម៌។
ហើយសូមឱ្យក្រុមហ៊ុនដែលដេញថ្លៃបានត្រូវអនុវត្តការងារដូចដែលមាននៅក្នុងសៀវភៅកិច្ចសន្យារបស់ក្រុមហ៊ុននីមួយៗ។

ដោយឡែកលោកកែវ ឆេន ចៅសង្កាត់សួងមានប្រសាសន៍ឱ្យដឹងដែរថាចំពោះផ្លូវបេតុងមួយខ្សែដែលបានត្រូវដាក់ឲ្យដេញថ្លៃនាពេលនេះគឺមានប្រវែង៦២០ ម៉ែត្រ ហើយតម្លៃប៉ានស្មានដាក់ឲ្យដេញថ្លៃជាង៤០០លានរៀល ដែលមានទីតាំងស្ថិតនៅភូមិច្រកពោន សង្កាត់សួង ក្រុងសួង។ មានផ្លូវខ្លះតាមរយៈការដេញថ្លៃនិងការអភិវឌ្ឍបានប្រែក្លាយផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូនិងផ្លូវបេតុងមានជាច្រើនភូមិ សំដៅធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ធ្វើដំណើរទៅវិញទៅមកកាន់តែមានភាពងាយស្រួល។សូមបញ្ជាក់ថាការដេញថ្លៃនេះមានក្រុមហ៊ុនចំនួនពីរដែលបានដាក់ស្រោមសំបុត្រចូលទៅក្នុងប្រអប់ តាមលក្ខខណ្ឌទាល់តែដាក់បានបីក្រុមហ៊ុនទើបយកជាការបាន។ដូច្នេះគម្រោងដេញថ្លៃផ្លូវមួយខ្សែនេះត្រូវឆាចោលលើកពេលដេញទៅថ្ងៃក្រោយ ព្រោះតាមលក្ខខណ្ឌដេញថ្លៃទាល់តែក្រុមហ៊ុនចំនួន៣ដាក់ស្រោមសំបុត្រក្នុងប្រអប់ទើបយកជាការ ហើយអ្នកណាដេញបានទាបជាងគេនឹងត្រូវប្រគល់ឲ្យក្រុមហ៊ុននោះ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×