Thursday, November 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភារធារីនៃការិយាល័យស្ថានទូតកាណាដា មានគម្រោងបញ្ជូនបេសកកម្មធុរកិច្ចកាណាដា មកកម្ពុជានៅក្នុងឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសក្នុងការជំរុញ ពាណិជ្ជកម្ម

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយលោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ។
 
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចិន្តាសោភា និងលោកភារធារី បានពិភាក្សាគ្នាលើបញ្ហាទ្វេភាគី និងបានកត់សម្គាល់ដោយពេញចិត្តពីការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា ក្នុង កំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដា ក្នុងការដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីខែតុលា ឆ្នាំនេះ។
 
ខណៈពេលពិភាក្សាអំពីដំណើរការនៃការដំឡើងកម្រិតនៃស្ថានតំណាងការទូតរបស់កាណាដា ឯកឧត្តម ចិន្តាសោភា បានគូសបញ្ជាក់ថា ព្រឹត្តការណ៍នេះនឹងជាសមិទ្ធិផលថ្មីមួយទៀត ក្នុងទំនាក់ទំនង និងបង្កើតនូវលក្ខខណ្ឌអំណោយផលថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម ចិន្តាសោភា បានអះអាងជូនលោកភារធារីថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងផ្តល់នូវកិច្ចសហប្រតិបត្តិការពេញលេញដល់ដំណើរការនេះ។
 
ក្នុងកំឡុងកិច្ចប្រជុំលោក David ក៏បានជម្រាបជូន ឯកឧត្តម ចិន្តាសោភាអំពីគម្រោងរបស់កាណាដា ក្នុងការបញ្ជូនបេសកកម្មធុរកិច្ចកាណាដា មកកម្ពុជានៅក្នុងឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសក្នុងការជំរុញ ពាណិជ្ជកម្ម។ លោក David ក៏បានអបអរសាទរយ៉ាងកក់ក្តៅផងដែរ ដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយបានបញ្ជាក់ពីការប្តេជ្ញាពេញលេញរបស់កាណាដា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា លើដំណើរការរៀបចំកិច្ចប្រជុំកំពូលនេះ ដោយបានលើកពីតម្លៃរួម និងដៃគូយូរអង្វែងក្នុងសហគមន៍ហ្រ្វង់កូហ្វូនី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×