Thursday, November 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងអង់គ្លេស គូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា កាលពីទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Charles Hay អគ្គនាយកទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិកនៃ ក្រសួងការបរទេសនៃចក្រភពអង់គ្លេស បានធ្វើជាសហប្រធានប្រកបដោយជោគជ័យកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង ដែលកំពុងរីកលូតលាស់រវាងកម្ពុជា និងចក្រភពអង់គ្លេស ដោយបានគូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យអាទិភាពរួមមានកិច្ចសន្ទនារវាងថ្នាក់ដឹកនាំកម្រិតខ្ពស់ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ វប្បធម៌ ការពារជាតិ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ខណៈអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវផែនការអាទិភាពគន្លឹះនានាសម្រាប់ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-អង់គ្លេស បន្ថែមទៀត។

ក្នុងទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានសាទរចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី១ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន នៅរាជធានីភ្នំពេញ និងបានទទួលស្គាល់ទំនាក់ទំនងទ្វេភាគីដ៏ រឹងមាំរវាងកម្ពុជា និងចក្រភពអង់គ្លេស ខណៈដែលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៧០ នៃការបង្កើត ទំនាក់ទំនងការទូតកាលពីឆ្នាំមុន និងដែលឆ្លុះបញ្ចាំងតាមរយៈកិច្ចសន្ទនាមួយចំនួនរវាងថ្នាក់ដឹកនាំកម្រិតខ្ពស់ រួមមានជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងឯកឧត្តម David Lammy រដ្ឋមន្ត្រីការ បរទេសអង់គ្លេស នៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជារបស់ឥស្សរជនចក្រភពអង់គ្លេស ព្រមទាំងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកចក្រភព អង់គ្លេសមកកាន់ប្រទេសកម្ពុជា ក្នុងចំណោមសកម្មភាពសំខាន់ៗផ្សេងទៀត។
ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានសម្តែងសុទិដ្ឋិនិយមអំពីទំនាក់ទំនងពាណិជ្ជកម្មកាន់តែ
រឹងមាំរវាងប្រទេសទាំងពីរ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមកម្ពុជា-អង់គ្លេស ដែលនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចពិភាក្សាសេដ្ឋកិច្ចប្រចាំឆ្នាំ។ ក្នុងបរិបទ នេះ ភាគីទាំងពីរបានស្វាគមន៍ចំពោះការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមកម្ពុជា-អង់គ្លេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លើកទី២

ក្នុងវិស័យអប់រំ ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិស័យអប់រំឱ្យ កាន់តែប្រសើរឡើងបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការបើកសាកលវិទ្យាល័យអង់គ្លេស ដំបូងគេនៅទីក្រុងភ្នំពេញ ដែលនឹងរួមចំណែកដល់ការអប់រំប្រកបដោយគុណភាពនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម យួន ផុនរតនៈ ក៏បានសម្តែងនូវអំណរគុណរបស់កម្ពុជាចំពោះការគាំទ្រ មិនអាចកាត់ថ្លៃបានរបស់ចក្រភពអង់គ្លេស លើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សកម្មភាពដោះមីន និងការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ព្រមទាំងគំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា ដែលជាគម្រោងដ៏សំខាន់ មួយ បង្ហាញពីកិច្ចសហការរបស់ប្រទេសទាំងពីរសម្រាប់កំណើនប្រកបដោយចីរភាព។

ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌពហុភាគីផ្សេងទៀត។ ពាក់ព័ន្ធនឹងទំនាក់ទំនងអាស៊ាន-អង់គ្លេស ឯកឧត្តម យួន ផុនរតនៈ បានសម្តែងការពេញចិត្តចំពោះសន្ទុះជាវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និង ចក្រភពអង់គ្លេស តាមរយៈការអនុវត្តផែនការសកម្មភាពដែលគាំទ្រដល់ការអនុវត្តភាពជាដៃគូសន្ទនាអាស៊ាន- អង់គ្លេស (២០២២-២០២៦) និងបានចែករំលែកទស្សនៈលើវិស័យសំខាន់ៗ ដែលចក្រភពអង់គ្លេសគួរផ្តល់ អាទិភាព ដើម្បីបន្តពង្រឹងភាពជាដៃគូ សម្រាប់ផលប្រយោជន៍ទាំងអាស៊ាន និងចក្រភពអង់គ្លេស។ ចំពោះ កិច្ចសហប្រតិបត្តិការមេគង្គ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ចក្រភព អង់គ្លេសក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការអនុតំបន់ តាមរយៈការចែករំលែកជំនាញលើវិស័យនានា រួមមាន អាកាសធាតុ សុខភាព និងអន្តរកាលថាមពល។

បន្ទាប់មកទៀត នៅថ្ងៃដដែលនោះ ឯកឧត្តម យួន ផុនរតនៈ បានជួបជាមួយលោកជំទាវ Catherine West អនុរដ្ឋលេខាធិការសភាទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក។ ឥស្សរជនទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញា ចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចរវាងកម្ពុជា និងចក្រភពអង់គ្លេស។ បញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួនដែលជាផលប្រយោជន៍ និងការព្រួយបារម្ភរួម ក៏ត្រូវបានលើកយក មកពិភាក្សាផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគី ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមព្រឹត្តិការណ៍ទីផ្សារទេសចរណ៍ ពិភពលោក ដែលក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា បានតាំងបង្ហាញប្រកបដោយមោទនភាពនូវគោលដៅ
ទេសចរណ៍សំខាន់ៗ និងសក្តានុពលទេសចរណ៍ថ្មីៗរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សា ការងារជាមួយលោកសាស្ត្រាចារ្យ Colin Bailey សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Queen Mary University of London ដើម្បីស្វែងរកមធ្យោបាយដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ព្រមទាំងបានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនេះផងដែរ។ នៅចុងក្រោយនៃកម្មវិធីអម ឯកឧត្តមរដ្ឋលេខាធិការ បានឆ្លៀតឱកាសទៅទស្សនាមជ្ឈមណ្ឌលវិបត្តិនៅ ក្រសួងការបរទេសនៃចក្រភពអង់គ្លេស ដើម្បីស្វែងយល់អំពីប្រព័ន្ធឆ្លើយតបវិបត្តិកម្រិតខ្ពស់របស់ចក្រភពអង់គ្លេស។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងនាយកដ្ឋានធានាក្រេឌីតសម្រាប់ការនាំចេញ របស់ចក្រភពអង់គ្លេសផងដែរ។

កិច្ចពិគ្រោះយោបល់ប្រកបដោយភាពជោគជ័យនេះ ឆ្លុះបញ្ចាំងពីការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×