ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលតែងតែយកចិត្តទុកដាក់ ជុំវិញបញ្ហាសុវត្ថិភាពជូនប្រជាពលរដ្ឋ កាលពីឆ្នាំកន្លងទៅ។ ដូច្នេះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពៈព្រះខែ និងអកអំបុកឆ្នាំ២០២៤នេះកងកម្លាំងនិងអាជ្ញាធរដែនដីរបស់យើងទាំងអស់ត្រូវធ្វើឱ្យបានល្អប្រសើរ ជាងឆ្នាំមុនទាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាបញ្ហាអនាម័យ ដែលទទួលបានការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ កន្លងមក។
ឯកឧត្តមឃួង ស្រេង បានអំពាវនាវឱ្យកងកម្លាំងប្រដាក់អាវុធបន្តពង្រឹងសុន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ឱ្យល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចពាក់ពន្ធ័នៅទីបញ្ជាការស្រាល នៅវាលព្រះមេរុ ដែលជាទីតាំងប្រមូលផ្តុំសមត្ថកិច្ចចំរុះការពារព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែអកអំបុក។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានគាំទ្រលើចំណាត់ការ របស់យើងទាំងស្រុង នូវបញ្ហាការពារ ដែលយើងធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីបងប្អូនប្រជាពលរដ្ឋទទួលបានសប្បាយភាព ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានយកជីវិតធ្វើដើមទុនមកប្តូរ សន្តិភាព ជូនប្រជាជន។
ឯកឧត្តម បានបញ្ជាក់ថា យើងទទួលបានសន្តិភាព យើងត្រូវថែរក្សាសន្តិភាព និងថែរក្សាសន្តិសុខ កងកម្លាំងរបស់យើង បានប្តូរផ្តាច់ ជឿជាក់លើរាជរដ្ឋាភិបាល យកអស់កម្លាំងកាយកម្លាំងចិត្ត ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីប្រជាជន ហើយជាអ្នកបម្រើ និងការពារប្រជាជន យ៉ាងល្អប្រសើរតាមរយៈបទពិសោធន៍នាពេលកន្លងមក ។
ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ជាពិសេសកាលពីពេលថ្មីៗនេះ ក្នុងពិធីភ្ជុំបិណ្ឌយើងបានធ្វើកិច្ចការងារល្អប្រសើរ តាមរយៈការពារសុវត្ថិភាព នៅតាមផ្ទះប្រជាពលរដ្ឋ ដែលបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យមួយដែលប្រជាពលរដ្ឋធ្វើការចាកចេញពីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមស្រុកកំណើត របស់គាត់ប៉ុន្តែផ្ទះរបស់គាត់ មិនអាចទៅតាមបានទេ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចអាជ្ញាធរ រាជធានីភ្នំពេញ ហើយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាអ្នកបម្រើប្រជាពលរដ្ឋ បានធ្វើកិច្ចការងារនេះ បានល្អប្រសើរ គឺការពារផ្ទះរបស់ពួកគាត់ បានគត់មុត ធ្វើឲ្យគាត់ ធ្វើដំណើរកម្សាន្ត ដោយមិនមានការខ្វាយខ្វល់ ទ្រព្យសម្បត្តិ របស់ខ្លួន នៅក្នុងផ្ទះ ដែលនេះជាវីរភាពមួយរបស់កងកម្លាំង ដែលក្នុងនាមថ្នាក់ដឹកនាំ និងក្នុងនាមឯកឧត្ដមផ្ទាល់សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ ក្រោមការណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កងកម្លាំងគឺជាអ្នកការពារប្រជាពលរដ្ឋ គ្រប់កាលទេសៈ ធ្វើកិច្ចការងារដើម្បីប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព សន្តិសុខ និងទទួលបាន នូវបរិស្ថានជុំវិញឱ្យល្អប្រសើរ នេះជាកិច្ចការងាររបស់កងកម្លាំង ប្រដាប់អាវុធ ដែលត្រូវតែបំពេញជូនប្រជាពលរដ្ឋ ហើយកងកម្លាំងយើងធ្វើបានល្អប្រសើរ នូវកិច្ចការងារនេះ ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានសូមឱ្យកងកម្លាំង ទាំងអស់រក្សាបាននូវប្រពៃណី ដ៏ល្អនេះ សម្រាប់ប្រជាជនខ្មែរ ដែលកំពុងមានជំនឿលើកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការការពា រ សន្តិសុខសុវត្ថិភាពដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារ តាមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីការពារប្រជាពលរដ្ឋ រស់នៅក្រោមម្លប់សន្តិភាព ទទួលបានសុវត្ថិភាព ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះជាថ្ងៃដំបូងនៃការចាប់ផ្តើមដំណើរការបុណ្យអ៊ុទូកនៅតាមដងទន្លេសាបមុខព្រះបរមរាជ្យវាំងដែលរដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាម្ចាស់ទីតាំងឫ ជាម្ចាស់ផ្ទះ បានត្រៀមលក្ខណះរួចជាស្រេចដើម្បីទទួលអំណរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុករយៈពេល៣ថ្ងៃពីថ្ងៃទី១៤ដល់១៦វិច្ឆិកា ឆ្នាំ២០២៤នេះ។
នាឱកាសនោះដែរ ឯកឧត្តមឃួងស្រេង បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី ទៅផ្តល់ជូនកងកំលាំងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យរួមមាន ÷ឧបត្ថម្ភដល់កំលាំងការពារក្នុងតំបន់A , តំបន់Bនិងកំលាំងជំនាញបច្ចេកទេសចំនួន១៣.៧០៧នាក់ ក្នុងម្នាក់៥ម៉ឺនរៀល។ ឧបត្ថម្ភទីបញ្ជាការវាលព្រះមេរុ ៥លានរៀល។ ឧបត្ថម្ភទីបញ្ជាការចំណតទូកស្នាក់នៅថវិកា៥លានរៀល. ឧបត្ថម្ភទីបញ្ជាការស្រាលចំនួន១៦ទីតាំង ក្នុង១ទីតាំងថវិកាចំនួន២លានរៀល .ទឹកសុទ្ធចំនួន៤០០០កេស.ភេសជ្ជៈចំនួន១៣០០កេស៕រក្សាសិទ្ធដោយ ៖ សុទ្ធលី