Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក យូគីហ៊ីរ៉ូ អ៊ីកាវ៉ា ប្រធានក្រុមហ៊ុន C & R GROUP និងជាប្រធានសមាគម The Tokyo New Business Conference (NBC) ដែលមានសមាជិកជាង ៤ពាន់ក្រុមហ៊ុន ដើម្បីជំរុញកំណើនអ្នកវិនិយោគជប៉ុនទៅកាន់ប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក យូគីហ៊ីរ៉ូ អ៊ីកាវ៉ា (Yukihiro Ikawa) ប្រធានសមាគម The Tokyo New Business Conference (NBC) ដែលមានសមាជិកជាង ៤៤០០ក្រុមហ៊ុនទូទាំងប្រទេសជប៉ុន (នៅទីក្រុងតូក្យូ ៩០០ក្រុមហ៊ុន) និងជាប្រធានក្រុមហ៊ុន C & R GROUP ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅទីស្នាក់ការសមាគម NBC ដែលមានទីតាំងនៅអគារពាណិជ្ជកម្ម Shintora-Dori CORE នៅទីក្រុងតូក្យូ។

ក្នុងឱកាសនោះ លោក អ៊ីកាវ៉ា បានជម្រាបអំពីសកម្មភាពការងារនិងសមិទ្ធផលសំខាន់ៗរបស់សមាគម NBC ព្រមទាំងរាយការណ៍អំពីលទ្ធផលក្នុងការដឹកនាំគណៈប្រតិភូវិនិយោគទៅកាន់ប្រទេសកម្ពុជាកាលពីខែកញ្ញាកន្លងទៅ ដោយបានជួបពិភាក្សាការងារជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ធនាគារស្ថាបនា និងក្រុមហ៊ុនឯកជនជប៉ុនមួយចំនួនទៀតនៅកម្ពុជាផងដែរ។ លោក អ៊ីកាវ៉ា បានបញ្ជាក់ថា តាមរយៈទស្សនកិច្ចនៅកម្ពុជានេះ មានក្រុមហ៊ុនជប៉ុន ចំនួន ៣ បានចាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា រួមមាន ក្រុមហ៊ុនផលិតច្រាស់ដុះធ្មេញ ក្រុមហ៊ុនផលិតអាហារបំប៉ន និងក្រុមហ៊ុនពាក់ព័ន្ធនឹងសេវាកម្មមន្ទីរពេទ្យ។ ជាមួយគ្នានោះ លោក អ៊ីកាវ៉ា បានចាត់ទុកការរៀបចំសិក្ខាសាលាវិនិយោគ ជាកត្តាមួយមានសារៈសំខាន់បំផុត ក្នុងការទាក់ទាញ និងជំរុញអ្នកវិនិយោគជប៉ុនទៅកាន់កម្ពុជា ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារជំរុញពាណិជ្ជកម្មរបស់ស្ថានទូតកម្ពុជា និងស្នើស្ថានទូត បន្តរៀបចំកម្មវិធីសិក្ខាសាលាវិនិយោគនេះថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយមានមោទនៈភាពចំពោះសមិទ្ធផលការងារសំខាន់ៗរបស់សមាគម NBC និងបានគាំទ្រទាំងស្រុងចំពោះសំណូមពររបស់សមាគម ក្នុងការរៀបចំសិក្ខាសាលាវិនិយោគម្តងទៀត នៅស្ថានទូតកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ស្ថានទូត ត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយសមាគម NBC ដើម្បីរៀបចំសកម្មភាពពាណិជ្ជកម្មនិងវិនិយោគនានា ក៏ដូចជាសម្របសម្រួលការងារផ្សេងៗ ដើម្បីជំរុញឱ្យអ្នកវិនិយោគជប៉ុនដែលមានបំណងចង់ទៅកម្ពុជា អាចស្វែងយល់ពីស្ថានភាពធុរកិច្ចជាក់ស្ដែងនៅកម្ពុជា និងជួយឱ្យក្រុមហ៊ុន អាចបើកដំណើរអាជីវកម្មនៅកម្ពុជាបានប្រកបដោយជោគជ័យ។ លើសពីនេះទៀត ភាគីទាំងពីរ ក៏បានឯកភាពគ្នា ដើម្បីកំណត់កាលបរិច្ឆេទនៃការរៀបចំសិក្ខាសាលាវិនិយោគឱ្យបានឆាប់ៗ និងសហការគ្នាសម្របសម្រួលរៀបចំឱ្យមានទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា របស់គណៈប្រតិភូវិនិយោគ លើកទី២ ក្នុងឆ្នាំ២០២៥ ដោយគ្រោងពិនិត្យលទ្ធភាពដើម្បីជួបសម្តែងការគួរសមចំពោះ ប្រមុខថ្នាក់ដឹកនាំសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×