ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ព្រះរាជពិធីនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះញាតិវង្សានុវង្ស និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងប្រារព្ធធ្វើឡើងមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក។ នៅឆ្នាំ២០២៤ ព្រះរាជពិធីបុណ្យចំថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ។
ក្រៅពីការប្រណាំងទូក ង នៅតាមដងទន្លេសាប អាជ្ញាធរបានរៀបចំឱ្យមានការលក់ទិញប្រើប្រាស់ ចំណីអាហារ តាមស្តង់ មានការសម្តែងសិល្បៈនិងការប្រគំតន្ត្រីបុរាណ សម័យតាមសួនច្បារសាធារណៈ។ ចំណែកនៅពេលរាត្រីក៏មានពិធីបណ្តែតប្រទីបនិងការបាញ់កាំជ្រួច គួរជាទីគយគន់ទស្សនាផងដែរ។
ក្រោមម្លប់សុខសន្តិភាព ព្រះរាជពិធីបុណ្យជាតិ សាសនា និងទំនៀមទម្លាប់ខ្មែរដូចជាព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានអភិរក្សនិងអភិវឌ្ឍន៍ដោយបានប្រារព្ធរៀបចំឡើងយ៉ាងសប្បាយរីករាយ អធិកអធមផ្សព្វផ្សាយទៅកាន់ពិភពលោកជាទីមោទនរបស់ជាតិផងដែរ។
ភ្ញៀវជាតិ អន្តរជាតិ ជាច្រើនម៉ឺននាក់បានចូលរួមទស្សនានិងដើរកម្សាន្តសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ ដែលមានទូក ង ទូកចែវ សរុបចំនួន៣៤៦ បានចូលរួមក្នុងការប្រកួត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី