Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល ខកខានបំពេញកាតព្វកិច្ច ធ្វើឱ្យអតិថិជន ៨២គ្រួសារ តវ៉ាទាមទារជំងឺចិត្ត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បើកកិច្ចប្រជុំដោះស្រាយលេចចេញលទ្ធផលវិជ្ជមានពីរចំណុច 

វិវាទទាក់ទងនឹងកញ្ចប់ទេសចរណ៍មួយបានកើតឡើងយ៉ាងផុលផុស រវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និងអតិថិជន ៨២គ្រួសារ ដែលបានទិញកញ្ចប់ទេសចរណ៍ចេញទៅកម្សាន្តនៅក្រៅប្រទេស ប៉ុន្តែភ្នាក់ងារមួយនេះ មិនបំពេញកាតព្វកិច្ចរបស់ខ្លួន ធ្វើឱ្យអតិថិជនកើតទុក្ខមិនសុខចិត្ត ផ្ទុះការតវ៉ា និងទាមទារសំណងជំងឺចិត្ត បង្កឲ្យកើតទៅជាជម្លោះមួយ ហើយត្រូវបានក្រសួងទេសចរណ៍ ក្រោមវត្តមានរបស់ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ចូលរួមសម្របសម្រួលដោះស្រាយ លេចចេញនូវលទ្ធផលវិជ្ជមានពីរចំណុច។

ក្រុមអតិថិជនដែលជាអ្នករងគ្រោះក្នុងកញ្ចប់ទេសចរណ៍នេះ បានលើកឡើងថា ពួកគាត់បានទិញកញ្ចប់ទស្សនកិច្ចនៅប្រទេសម៉ាឡេស៉ី និងសិង្ហបុរី (អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក) ដោយបានប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល ដើម្បីទិញសំបុត្រយន្តទៅក្រៅប្រទេស (ទាំងទៅ ទាំងមក) ប៉ុន្តែបែរជាភ្នាក់ងារទេសចរណ៍នេះ មិនបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ ជាហេតុនាំឱ្យក្រុមអតិថិជនភាគច្រើនខកខានមិនបានទៅលេងក្រៅប្រទេស អ្នកខ្លះទៅដល់ហើយ តែពេលត្រឡប់មកវិញ គ្មានសំបុត្រយន្តហោះ បង្កឲ្យមានភាពស្មុគស្មាញ ខាតបង់ប្រយោជន៍។ ការមិនបំពេញតាមកាតព្វកិច្ចនេះ បានបង្កឱ្យមានជំងឺចិត្ត និងព្យសនកម្មចំពោះក្រុមអតិថិជនសរុប ៨២គ្រួសារ ដែលគិតជាទឹកប្រាក់មានទំហំប្រមាណ ២៦៥ ០០០ដុល្លារ (២៦ម៉ឺន៥ពាន់ដុល្លារអាមេរិក)។

ដោយសារតែបែបនេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដោយសារភ្នាក់ងារទេសចរណ៍មួយនេះ បានខកខានបំពេញកាតព្វកិច្ចជូនអតិថិជនតាមកិច្ចសន្យា និងបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ប៉ុន្តែដើម្បីរក្សាភាពជាដៃគូ និងចៀសវាងការប៉ះទង្គិចផ្នែកជីវភាពសេដ្ឋកិច្ច ក្រសួងទេសចរណ៍បានជ្រើសរើសយកយុទ្ធសាស្ត្រ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន មកអនុវត្ត សម្របសម្រួលផ្សះផ្សា គឺ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសសចរណ៍ បានដឹកនាំកិច្ចសម្របសម្រួលដោះស្រាយវិវាទនេះ ឈានទៅដល់ការឯកភាព និងព្រមព្រៀងពីរចំណុច ដូចខាងក្រោម ៖

១. បង្កើតក្រុមការងារចំពោះកិច្ចមួយដែលមានសមាសភាពត្រីភាគី (តំណាងក្រសួងទេសចរណ៍ តំណាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងប្រជាពលរដ្ឋរងគ្រោះ) សម្រាប់ការងារពិភាក្សាដោះស្រាយវិវាទ។
២. ពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសះជា ដាក់ជូនគូភាគី ពិនិត្យ និងផ្តល់យោបល់ មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងសះជា៕ ពិសិដ្ឋ CEN

×