វិមានរដ្ឋសភា នៅព្រឹក ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល។ រដ្ឋសភា ក្រោមសំឡេង១១២/១១២សំឡេង បានបោះឆ្នោតឯកភាពទាំងស្រុងលើការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងការតែងតាំងឯកឧត្តមសុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។
ឯកឧត្តម ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោកក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ផងដែរ។
ឯកឧត្តម សុខ ចិន្តាសោភា បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសនេះ នៅរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ១៤ខែប៉ុណ្ណោះ។
ក្នុងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាចូលរួមសរុប១១២រូប។ កិច្ចប្រជុំពេញអង្គនេះមានរបៀបវារៈចំនួន៤រួមមាន៖
១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។
២៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៣៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៤៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី