«ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤, មានការចូលរួមពីសំណាក់ លោក តាកាហាស៊ី ហ៊្វូមិអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងធុរជនជប៉ុន-កម្ពុជា ជាច្រើនរូបទៀត។
លោក លោក តាកាហាស៊ី ហ៊្វូមិអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងថា ជំនួបផ្គូផ្គងធុរកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាការងាររវាងភាគីសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅឯទីក្រុងតូក្យូ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ជំនួបផ្គូផ្គងធុរកិច្ចនេះ ក្នុងគោលបំណងផ្តល់នូវការធ្វើបច្ចុប្បន្នភាព នៃស្ថានភាពវិនិយោគនៅកម្ពុជា និងផ្តល់នូវកាលានុវត្តភាពក្នុងការជ្រើសរើសដៃគូ សម្រាប់ធ្វើជំនួញទៅតាមវិស័យនៃអាជីវកម្មរបស់ខ្លួន។ ដូច្នេះ យើងមានសុទិដ្ឋិនិយមថា តាមរយៈជំនួបនាថ្ងៃនេះ ភាគីទាំងពីរនឹងបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកប្រកបដោយទំនុកចិត្ត។
អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអនុប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ បានថ្លែងថា នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាកិច្ចសហការលើកដំបូងរវាងសមាគមទាំងពីរ និងដោយមានការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអភិបាលផ្នែកបច្ចេកទេសរបស់សមាគមឧកញ៉ាកម្ពុជា លើកិច្ចការធុរកិច្ច និងការវិនិយោគផងដែរ។
ចំណែកបេសកកកម្មរបស់សមាគមឧកញ៉ាកម្ពុជាវិញ គឺកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច និងមនុស្សធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត និងការរីកចម្រើនដល់ប្រជាជនកម្ពុជា ខណៈដែលសមាគមឧកញ៉ាកម្ពុជា គឺជាបណ្ដុំធុរជនមកពីចម្រុះវិស័យក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា, មានសមាជិកសរុប ៤២០រូប ដែលកំពុងគ្រប់គ្រងក្រុមហ៊ុន និងសហគ្រាសរហូតដល់ជាង ៨០០ និងបានបង្កើតការងារច្រើនជាង ៥០០ ០០០កន្លែងដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
តាមរយៈបេសកកម្មគោះទ្វារវិនិយោគរបស់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្សារភ្ជាប់រវាងសមាគមទាំងពីរឱ្យក្លាយជាទំនាក់ទំនងធុរកិច្ច។ ឧបនាយករដ្ឋមន្ត្រីរូបនេះថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ៕ ពិសិដ្ឋ CEN